Thursday, March 19, 2015

គេហទំព័រល្អៗនិងមានប្រយោជន៏សំរាប់អ្នក

គេហទំព័រល្អៗនិងមានប្រយោជន៏សំរាប់អ្នក
  • ទាញយកសៀវភៅរូបវិទ្យា ល្អៗដោយឥតគិតថ្លៃ: www.physics24h.wordpress.com
  • គេហទំព័រកំសាន្តសម្រាប់មើលរឿង: www.allnob.com
  • គេហទំព័រកំសាន្តសម្រាប់មើលទូរទស្សន៏ខ្មែរ:www.khiptv.com
  • ស្វែងយល់ពីកម្ពុជា ជាមួយ ខ្ញុំស្រលាញ់ប្រទេសខ្ញុំ:www.mydoc4u.com
  • គន្លឹះល្អៗ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ:www.cen.com.kh
  • ចំនេះដឹងផ្នែកវប្បធម៌ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា:www.cen.com.kh/culture
  • សាលារៀនផ្តល់ចំណេះដឹង និងដំបូន្មានល្អៗសម្រាប់និស្សិត:www.salarean.com
  • រីករាយជាមួយប្រភពចំនេះដឹងដ៏សំបូរបែប:www.iknow.com.kh
  • អង្គការសុខភាពពិភពលោក:www.who.int
  • យល់ដឺងពីម្ហូបអាហារប្រចាំថ្ងៃ:www.seriouseats.com
  • ចំនេះដឹងផ្សេងៗ កំប្លែងខ្លី វិជ្ជាមេផ្ទះ និងវិបត្តិស្នេហា:www.mediakh.com
  • ខ្មែរ ដាតា ចែករំលែកចំណេះដឹងផ្នែកអាយធី:www.khmerdata.com
  • គន្លឹះខ្លីៗ អំពីបច្ចេកវិទ្យា ទូរស័ព្ទ…:www.derm3neak.com
  • គន្លឹះល្អៗទាក់ទងនឹងបច្ចេកវិទ្យាថ្មី:www.kh4it.com
  • ធនធានផ្នែកកុំព្យូទ័រដ៏សម្បូរបែប:www.khmerit.com
  • ពិភពព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យា:www.itkhmer.net
  • បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់អ្នក:www.it4ug.net
  • សិក្សាពីតិចនិច ចំណោះដឹងផ្នែកអាយធី:www.kt42.info
  • ខ្មែរសើវិស សមាគមន៍លីនុចខ្មែរ:www.khmerservice.net
  • ចែករំលែកចំណោះដឹងផ្នែកព័ត៌មានវិទ្យា:www.sombokit.com
  • ទាញយកសៀវភៅល្អៗដោយឥតគិតថ្លៃ:www.ebooklobby.com
  • ទាញយកសៀវភៅគ្រប់ប្រភេទ ដោយឥតគិតថ្លៃ:www.ebookmall.com
  • គេហទំព័រប្រជុំដោយសៀវភៅគ្រប់មុខវិជ្ជា:www.knowfree.net
  • គេហទំព័រប្រមូលផ្ដុំដោយសៀវភៅគ្រប់មុខ:www.free-ebooks.net
  • ពិភពនៃមេរៀនសំខាន់ៗគ្រប់មុខវិជ្ជា:www.freebookspot.es
  • បណ្ដុំនៃមេរៀនដែលទាក់ទងផ្នែកព័ត៌មានវិទ្យា:www.Freecomputerbooks.com
  • គេហទំព័រមេរៀនបច្ចេកវិទ្យានិងកុំព្យូទ័រ:www.freetechbooks.com
  • ទាញយកសៀវភៅដោយមិនគិតថ្លៃ:www.bookvn.com
  • ទាញយកសៀវភៅលើអ៊ីនធើណេតដោយសេរី:www.getfreeebooks.com
  • ស្វែងរកសៀវភៅ ជាច្រើនប្រភេទ គ្រប់មុខវិជ្ជា:www.ebookee.org

Wednesday, March 18, 2015

រឿងដើមកំណើតសត្វផ្សោត

រឿងដើមកំណើតសត្វផ្សោត

              កាលពីព្រេងនាយជាយូរអងែ្វងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជន ទូទៅនៅភូមិជិតខាងគេរាប់អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះ។ គេធ្វើខ្ទមរូបចំលាក់ថ្មជាភេទប្រុសមួយស្រីមួយ ដាក់អោយអង្គុយលើផែនថ្មក្នុងខ្ទមនោះ។ គេតែងបួងសួង បន់ស្រន់ ថ្វាយក្រយ៉ាបូជាសុំសេចក្តីសុខ ក៏ធ្លាប់បានសុខរៀងមក គេសន្មត់ថា អ្នកតាម្ចាស់ស្រុក។
មានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេ ស្ថិតនៅលើដើមជ្រៃធំនោះជាសេ្តចនៃឈើ។ យូរទៅមានស្រីម្នាក់មកចាប់បដិសន្ធិជាកូនអ្នកស្រុក ដែលរាប់អានដើមរុក្ខជាតិនោះ។ លុះធំពេញ វ័យជំទង់ដល់រដូវត្រូវសែនព្រេនថ្វាយក្រយ៉ាបូជាជូនអ្នកតាម្ចាស់ស្រុក នាងនោះក៏ទូលថាសបាយនំចំណី ទៅសែនជួសឪពុកម្តាយ។ រុក្ខទេវតាក្រឡេកឃើញដូចេ្នះចេះតែមានចិត្តអាណិតអាសូរស្រលាញ់នាងនោះ ហាក់ដូចជាព្រាត់គ្នាពីកាលណាមកហើយ ទើបបាននឹងបានជួបមុខគ្នាថ្មីៗ។ រុក្ខទេវតានោះកាន់តែវិតក្កចិត្ត អាណិតនាងខ្លាំងណាស់ ទ្រាំពុំបានក៏ហោះទៅទូលសួរព្រះឥន្ធតាមដំណើរ។ ព្រះឥន្ធទ្រង់រំពឹងដោយ ញាណទិព្វទៅឃើញថា នាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះ បានសាងប្រាថ្នាជាមួយគ្នាមកថា «ទោះបីទៅកើតជាតិណា ភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនិងគ្នា កុំឃ្លាតគ្រប់ៗជាតិ» លុះចាស់រៀងខ្លួន រុក្ខទេវតានោះសុំលា​ទៅបួសជាតាបសអស់​ជីវិតដោយខ្លួនពីគ្នាទៅ។ តាបសមកកើតជារុក្ខទេវតានេះ ប្រពន្ធទៅកើតជានាងទេពធីតា បែកគ្នា ទៅឆ្ងាយមិនជួបជុំ នាងប្រពន្ធច្យុតពីទេពធីតាមកកើតជិតទីកនែ្លង ដែលទេវតាជាប្តីនៅ។
មកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះ ទើបបណ្តាលឲ្យរុក្ខទេវតាចេះតែស្រលាញ់អាណិតអាសូរនាង។ តែមកពីរុក្ខទេវតានោះមានពៀរដែលគេចទៅបួសចោលប្រពន្ធ ឲ្យព្រួយទុក្ខវេទនាអស់សង្ខារទៅមិនឲ្យជួបមុខ បានជាច្យុតទៅកើតជាមនុស្សវិញមិនជួបគ្នា។ ព្រះឥន្ធសមែ្តងប្រាប់រុក្ខទេវតា ដូចរៀបរាប់មកនេះ រុក្ខទេវតាបានដឹងសព្វគ្រប់ហើយ ក៏លាព្រះឥន្ធមកវិញគិតពិចារណាថា «ឥឡូវនឹងទៅថ្វាយបង្គំលាព្រះឥន្រ្ទា ធិរាជសុំច្យុតទៅកើតជាមនុស្សឃើញថាការមិនគួរ ព្រោះប្រពន្ធទៅកើតធំពេញក្រមុំទៅហើយ ហើយ សង្ខាររបស់មនុស្សខ្លីណាស់មិនដូចទេវតាទេ»។ ទេវតាគិតចុះគិតឡើងមិនធ្លុះធ្លាយត្រង់ណាសោះ។ ហេតុដែលមានពៀរដែលគេចទៅបួសជាតាបសមិនឲ្យឃើញមុខ​លុះត្រាតែសូន្យសង្ខារ​រៀងខ្លួន។ រុក្ខទេវតា ព្រួយខ្លាំងណាស់ក៏ប្រថុយប្រាណ ប្រថុយប្រាណប្រថានព្រេងថា «ណ្អើយចុះអញទៅប្រាប់ប្រពន្ធឲ្យដឹងខ្លួន អញជាប្តីគូព្រេងទៅចាប់ជាតិជារុក្ខទេវតា នាងឥតមានគូព្រេងទៀតទេ បើនាងបានដឹងថា ខ្លួនអញជាប្តី នាងមុខជាលែងយកប្តីអស់មួយជាតិនេះហើយ»។ គិតស្រេចពេលរាត្រីស្ងាត់ក៏និមិ្មតខ្លួនធ្វើជាពស់ថ្លាន់ចូលទៅ អោបរឹតនាង។ នាងភ្ញាក់ឡើងបំរះពុំរួច បួសថ្លាន់និយាយលួងលោមសព្វគ្រប់មិនជឿថា បើប្តីជារុក្ខទេវតា ហេតុមេ្តចក៏មកជាពស់ថ្លាន់ដូចេ្នះវិញ។ រុក្ខទេវតាជាប្តីថា »បើនាងមិនជឿបង បងនឹងប្រែរូបឲ្យនាងមើល»។ រុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមៗ នាងក្រេឡកឃើញក៏ស្រលាញ់ពេញចិត្ត ជឿជាក់ថាប្តីខ្លួនជាទេវតាមែន ព្រោះរកមនុស្សណានិងឲ្យល្អដូចពុំបាន។ រុក្ខទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិននិម្មិត ខ្លួនជាសត្វបែបនេះទេ មិនអាចមកនៅជិតនាងបានឡើយត្រូវតែនិម្មិតរូបជាសត្វផេ្តសផ្តាស់ទើបនៅជាមួយនាងបាន។ និយាយរួចក៏និម្មិត​ខ្លួនជា​ពស់ថ្លាន់វិញ។ ពស់ថ្លាន់នេះគ្រាន់តែនៅជាមួយនាងប៉ុណ្ណោះទេ ប៉ុនែ្តមិនដែលរួមសង្វាស់ជាមួយនិងនាងនោះឡើយ ហើយហាមប្រពន្ធថាកុំនិយាយប្រាប់ម៉ែឪបងប្អូននិង អ្នកស្រុកឲ្យថាជាទេវតា ឲ្យថាតែពស់ថ្លាន់ ពេលថៃ្ងបងមិននៅជាមួយនាងទេ បងមកលេងតែយប់ៗ សឹមផ្លាស់រូបជាទេវតាឲ្យឃើញម្តងៗ។ ជិតភ្លឺហើយលឺមាត់និយាយគ្នា ឪពុកម្តាយចូលទៅមើលឃើញពស់ថ្លាន់ពេនទ្រេលពេញលែ្វងផ្ទះ ក៏ភ្ញាក់ច្រេឡាតស្រែក រុក្ខទេវតាភៀសខ្លួនបាត់ទៅ។ ឪពុកម្តាយហៅកូនស្រីមកសួរ​កូននិយាយសារស័ព្ទប្រាប់រឿងពីដើមចប់ដល់ចុង។
ឪពុកទាល់ប្រាជ្ញមិនដឹងធ្វើមេ្តចក៏ដកដង្អើមធំសួរកូនថា ឥឡូវពស់ថ្លាន់ទេវតានោះទៅណាបាត់ហើយ។ កូនប្រាប់ថា ពេលថៃ្ងមិនមកទេ យប់ទើបមក។ នាងប្រាប់ឪពុកម្តាយថា ទេវតាជាប្តីហាមមិនឲ្យប្រាប់គេថា ទេវតាទេ ឲ្យថាតែពស់ថ្លាន់បានហើយ។ លុះពេលរាត្រីស្ងាត់ រុក្ខទេវតាក៏មកដល់ ប្រពន្ធនិមិ្មតរូបជាទេវតា ឲ្យនាងមើលតាមសេចក្តីសន្យា។ នាងក៏អុជភ្លើងភ្លឺឡើងស្ទុះទៅអោបប្តី ដោយសេចក្តីមេត្រីសេ្នហា។ លឺមាត់និយាយគ្នាឪពុកម្តាយចូលទៅលបមើលឃើញទេវតាល្អណាស់ ក៏ស្រលាញ់ពេញចិត្តនិងរុក្ខទេវតានោះ ក្រៃលែង រុក្ខទេវតាដឹងថាឪពុកម្តាយលបមើលផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាម ឃើញធំទ្រេលពេញ បន្ទប់ផ្ទះ។
ទៀបភ្លឺរុក្ខទេវតាប្រាប់ប្រពន្ធឲ្យនាំឪពុកម្តាយទៅជីកយកកំណប់ក្នុងដំបូកមួយ មានមាសប្រាក់ ពេជ្រ កែវកង តុ ថាស ចាន ជញ្ជូនមកដាក់ពេញផ្ទះ ឡើងទៅជាអ្នកមានធំ។ យូរទៅដឹងជ្រួតជ្រាប​ដល់អ្នក ស្រុកមកមើលឈូរឆរ ពិតជាពស់ថ្លាន់ពេនទ្រេលនៅជាមួយនិងនាង។ និយាយពីបុរសប្តីប្រពន្ធ មានកូនក្រមុំមួយនៅភូមិផេ្សងពីនាងមានប្តីពស់ថ្លាន់ ទេវតានោះចេះតែរំភើបក្នុងចិត្ត នាំប្តីប្រពន្ធសរសើរថា «វាសនាអ្វីគេក៏ល្អមេ្លះ ពីដើមជាអ្នកក្រដូចគេឯងសោះ ឥឡូវមានផ្ទះធំខ្វាត់ខែ្វងត្រឈឹងត្រឈៃ មានគោក្របី ដំរី សេះ ខ្ញុំកំដរប្រើគគ្រឹកគគ្រេងល្បីឈ្មោះថា ចៅសួស្តិ៏សេដ្ឋី នេះមកពីកូនគេមានប្តីពស់ ថ្លាន់ ពស់ថ្លាន់ឲ្យកំណប់ព្រេង »។ បុរសនោះតូចចិត្តនិងខ្លួនឯងណាស់ចេះតែដកដង្អើមធំ ចេះតែទនេ្ទញទាំង យប់ទាំងថៃ្ង។ ប្រពន្ឋឃើញប្តីកើតទុក្ខដូចេ្នះ ក៏និយាយប្រាប់ប្តីថា «ខ្ញុំបានលឺចាស់ទុំនិយាយរៀងៗមកថា សត្វពស់ថ្លាន់មិនដូចពស់ទាំងពួងទេ តែមានដម្បូកធំៗក្នុងព្រៃ ហើយច្រើនមានពស់ថ្លាន់ទៅព័ទ្ធពេននៅ ទីនោះ។ គេថាពស់រក្សាកំណប់ព្រេង»។ ប្តីថា «បើដូចេ្នះព្រឹកសែ្អកឯងដាំ៍បាយឲ្យបងពីព្រឹកកុំឲ្យអ្នកណាដឹង បងនឹងដើរសែ្វងរកពស់ថ្លាន់ព័ទ្ធដំបូកក្នុងព្រៃធំៗ បើឃើញបងនិងចាប់យកមកធ្វើជាប្តីកូនយើង »។ ប្រពន្ធពេញចិត្តក៏ព្រមពៀ្រងគ្នា ព្រឹកឡើងដាំបាយវិចជាសំណុំ ព្រមទាំងទឹកបំពង់ប្រគល់ឲ្យប្តី ប្តីក៏ដើរសែ្វងរកពស់ថ្លាន់។ បុរសនោះចូលក្នុងព្រៃធំមិនយូរប៉ុន្មាន​ក៏បានប្រទះដំបូក​មួយធំក្នុងព្រៃទួល មានបន្លាស្អិតនិងវល្លិ៏រវីមរវាម វារពាក់ព័ន្ធលើគ្នា។ បុរសចូលទៅអើតឈ្ងោកមើលឃើញពស់ថ្លាន់ពេនទ្រេលលើក្បាលដំបូក។ ពស់នោះរស់នៅក្នុងព្រៃដំបូកនោះ អស់កាលជាយូរអងែ្វងណាស់មកហើយ វាមិនដែលទៅកាន់ទីណាសោះ ទោះបីអត់ឃ្លានយ៉ាងណា ក៏ស៊ូរទ្រាំនៅក្នុងទីនោះ។ ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមអស់កំលាំងស្ទើរតែ កំរើកខ្លួនមិនរួច។ បុរសយកឈើគោះមើលក៏មិនទាំងកំរើកខ្លួនផង។ បុរសនោះនឹកត្រេកអរក្នុងចិត្តណាស់ គិតថា ពស់ថ្លាន់នេះ ពិតជាមានកំណប់ហើយបានជាស្លូតម៉េ្លះ ក៏បោចវល្លិ៏ស្រាក់ស្រួតជាប់។ បុរសលើកស្ពាយទាំងភែ្ននមក។ ដោយធ្ងន់ខ្លាំងពេកក៏ឈប់សំរាកតាមផ្លូវទល់ព្រលប់ទើបមកដល់ផ្ទះ ស្រែកហៅប្រពន្ធនិងកូនក្រមុំពីក្រៅរបងឲ្យ ទៅជួយទទួល។ ប្រពន្ធនិងកូនក្រមុំក៏ចុះទៅទទួលប្តី ឪពុកស្ពាយពស់ថ្លាន់ទាំងភេ្ននក៏ត្រេកអរឥតឧបមា។ លុះយកមកដាក់ ដល់លើផ្ទះអួតប្រាប់ប្រពន្ធថា «ពស់នេះស្លូតណាស់ត្រូវចិត្តបងហើយ។ បើភានឯងមិនជឿទៅចាប់ស្ទាប អងែ្អលមើលចុះ ស្ទើរតែមិនកំរើកខ្លួនប្រាណផង»។ ប្រពន្ធលូកដៃទៅពាល់មើលឃើញមិនកំរើកមែន ក៏ចេះតែបបោសអងែ្អលសរសើរថា «កូនអើយ! ពណ៌‌សំបុរអ្នកអីក៏ល្អម៉េ្លះ ដូចគេទើបនិងទីបមាសថ្មីៗ ទោះបីជាហូលដែលជាងចេះចងគាតយ៉ាងណា ក៏មិនល្អមិនដូចអ្នកដែរ»។ ពស់ថ្លាន់ដោយជាប់ចំណងផង​ហើយហេវអស់កំលាំង​និងអត់អាហារយូរថៃ្ងផង ក៏ធ្វើតែភែ្នកភ្លឹះៗ លិទ្ធអណ្តាតភែ្លមៗ ប្រហែលជាក្នុងចិត្តវាដែលឃ្លានប្រុងតែលេបមនុស្ស។ ប្តីតាំងបង្គាប់ប្រពន្ធនិងកូនក្រមុំឲ្យវាយមាន់ ស្លដណ្តាំបាយឲ្យឆាប់ និងរៀបសែនព្រេន ប្តឹងជីដូនជីតារៀបផ្សំផ្គុំឲ្យកូនយកប្តីពស់ថ្លាន់។ ប្តីរត់ទៅទិញស្រាបានមក ប្រពន្ធដាំបាយស្លឆ្អិនដួសដាក់តុថាស ហៅបងប្អូនជិតខាងឲ្យមកជួយសែនព្រេន បង្គាប់កូនក្រមុំឲ្យរៀបចំដំណេកបង្គុយអ្នកស្រុកជិតខាងដែលមានបញ្ញាវាងវៃ។ គេលាន់មាត់និងបុរសនោះ ថាឆ្កួត ថាព្រើលគ្រប់ៗគ្នា អ្នកខ្លះក៏រកពុទ្ធោ អ្នកដែលត្រូវស្រា អរឲ្យតែគេហៅឲ្យចូលទៅជួយសែន និងបានស៊ីផឹកសប្បាយ ។
លុះទៅជួបជុំគ្នា លើកពស់ថ្លាន់ដាក់លើកំរាលសំពត់ស ស្រាយចំណងឲ្យកូនក្រមុំទៅអង្គុយទន្ទឹម ពស់នោះ ក៏នៅស្ងៀមដោយគ្នាអត់អាហារមកយូរថៃ្ងហើយ។ បុរសបង្គាប់ឲ្យគេលើកបាយសម្លរ ទៅដាក់អុជ ទៀនធូប សំបូងសង្រូងប្តឹងជីដូនជីតា ច្រូចស្រា៣ដងរួចសែនចាប់សំណែននំចំណី បាយសម្លរគ្រប់មុខ ដាក់ច្រឡូកចូលគ្នាមួយចាន យកទៅចាក់នៅមុខផ្ទះ ហៅពួកអង្រឹង​ជើងសែ្នងឲ្យស៊ី ព្រោះជីដូនជីតាពិសា រួចហើយ ហើយលើកតុ ថាស ចេញមកក្រៅ លត់ភ្លើងទុកកូនក្រមុំឲ្យនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់។ នាងនោះប្រហែលជាខ្លាចពស់ដែរ ប៉ុនែ្តនិងចេញមកក្រៅខ្លាចឪពុកម្តាយ ព្រោះផ្សំដំណេកឲ្យពស់ថ្លាន់ហើយ ក៏ចេះតែអត់ទ្រាំទៅ។ ចំណែកឪពុកម្តាយនាំញាតិមិត្តស៊ីមាន់ផឹកស្រាឯលែ្វងខាងក្រៅ។ ពស់នោះកាលមនុស្ស​នៅស៊ីផឹកមាត់អ៊ូអែវានៅតែស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួន។
លុះគេស៊ីផឹករួចទៅស្ងាត់អស់ប្រហែលពាក់កណ្តាល អាធ្រាតវាលាខ្លួនខ្សាក។ វាឥតរឹតរួតនាងនោះទេ ព្រោះពស់នោះវាធំល្មមលេបនាងនោះបានតែម្តង។ វាគ្រាន់តែយកកន្ទុយស៊ករុំកដៃ​នាងនោះជាប់ងាកក្បាលមកក្រោមកៀវជើងប្រមូលផ្ទឹមគ្នា វាហារមាត់ ប្រញ្ចកជើងនាងទាំងពីរតែម្តង។ ពីដំបូងនាងនោះស្មានថា ពស់ថ្លាន់ប្រុងរួមបវេណីនិងខ្លួនបានជានាងនៅ ស្ងៀមមិនមាត់ ព្រោះដេកជាមួយគ្នាតាំងពីល្ងាចមិនអីសោះ បែបជាទុកចិត្តពស់បន្តិចទៅហើយ។ លុះវាលេបស្រឺតៗដល់ក្បាលជង្គង់នាងនឹកសង្ស័យថា ពស់ថ្លាន់ច្បាស់ជាលេបអញពិតហើយ គិតនិងក្រោក ក៏ក្រោកមិនរួច កន្ទុយពស់វារឹតដៃនាងជាប់ នាងភ័យណាស់ស្រែកហៅម្តាយថា «ពស់ថ្លាន់វាលេបហើយ»។ ម្តាយលឺមាត់កូនស្រែកហៅ ក៏ស្រែកសន្ធាប់ទៅវិញថា «ខ្មោចមេចំកួត ប្តីប្រលែងផងបានតែព្រើលៗ»។ ឪពុកស្រវឹងស្រាដេកសន្លប់ហៀរទឹកមាត់កក្លាក់ លុះពស់លេបដល់ចងេ្កះនាងស្រែកហៅម្តាយថា «ម៉ែៗ ជួយកូនផង ពស់លេបដល់ចងេ្កះហើយ»។ ម្តាយរឹតតែបញ្ជោរពីក្រៅមកស្តីបន្ទោសថា «កូនអីក៏ចង្រៃ មិនចេះខ្មាស់គេឯង មិនច្រឡំនិងអ្នកស្រុក តិចអញចូលទៅវាយក្បាលក្នុងដំណេកបែកឥឡូវ»។ នាងនោះចេះតែស្រែកថា «ម៉ែអើយជួយកូនផង ពស់លេបដល់ចុងដង្អើមហើយ» បន្តិចស្រែកថា «លេបដល់កហើយ»។
ម្តាយលឺកូនស្រែកញយៗពេកមិនខ្ចីទាំងតបផង គិតតែពីសង្ងំដេក។ លុះលេបដល់បបូរមាត់ក៏ស្រែកលា ឪពុកម្តាយថា «បើឪម៉ែមិនជួយកូនទេ កូនសូមលាស្លាប់ហើយ»។ ម្តាយស្តាប់ទៅលឺមាត់កូនង៉ុលៗ ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្របបបូរមាត់ទៅហើយនោះ។ លុះបាត់លឺមាត់កូន ម្តាយសង្ស័យក៏អុជភ្លើង ចូលទៅមើល បាត់កូនឃើញតែពោះពស់ធំកំពីង តាំងពីក្រោមរហូតដល់ជិតពាក់កណ្តាលខ្លួន។ នាងម្តាយនោះក៏ស្រែកទួញងោង ផ្អើលឆោឡោដល់អ្នកស្រុកអ្នកភូមិ ផ្ទះអ្នកជិតខាងទាំងពាក់កណ្តាលអាធ្រាត។ ឪពុកភ្ញាក់ឡើង​ហៅអ្នកស្រុកមកជួបជុំ ចោមចាប់ពស់ថ្លាន់ទាក់កចងសន្ធឹង យកកាំបិតព្រា វះយកកូនបានមកសន្លប់សូន្យឈឹងដូចជាស្លាប់។ តែខ្លួននៅក្តៅប្រឡាក់សុទ្ធតែរំអិលពស់ពេញទាំងខ្លួនទាំង ក្បាលនិងដៃជើងឆ្អាបកខ្វក់ នាំគ្នាដងទឹកមកលាង លាងមិនជ្រះ ដាំទឹកក្តៅយកមកលាងក៏មិនជ្រះ លុះគេ ស្រោចទឹកក្តៅអ៊ុនៗលាងឲ្យមួយស្របក់ នាងក៏ដឹងខ្លួនឡើងវិញ។ មើលឃើញបងប្អូនមាមីងជួបជុំតៀ្របត្រា មើលមកខ្លួនឯងសុទ្ធតែរំអិលពស់ឆ្អាបគគ្រុក។ ក្រោកឡើងកន្រ្តាក់បានផ្តិលទឹកមួយ លើកគ្របទទូលក្បាល​ដើរទៅមាត់សមុទ្រដងទឹកងូតលាងដូចមេ្តច​ក៏មិនជ្រះរំអិលពោះនោះ គិតថា ឱខ្លួនអញអើយម៉េ្លះទៅហើយ នៅជាមនុស្សក៏ខ្មាស់គេ បើស្លាប់ទៅវិញប្រសើរជាង ក៏យកផ្តិលទទួលក្បាលដើរទៅត្រង់មាត់ច្រាំងអន្លង់ជ្រៅនឹកប៉ងក្នុងចិត្តថា «អញនឹងលោតទឹកសំលាប់ខ្លួនឯងចោល»។ គិតដូច្នោះហើយក៏លោតប្រូងទៅ ក្លាយខ្លួនទៅកើតជាផ្សោតញីភ្លាម មុជក្នុងទឹកហែលចាប់ត្រីស៊ីព្រងើយ។ ឪពុកម្តាយរត់តាមទៅមើលកូន ឯមាត់កំពង់ទឹករកពុំឃើញ ក៏នាំគ្នាយំសោកអាឡោះអាល័យរៀបរាប់រឿងផេ្សងៗនៅមាត់ទឹក។ លុះត្រលប់មកផ្ទះវិញបបួលប្តីប្រពន្ធអូសពស់ថ្លាន់យកទៅចោលក្នុងព្រៃធំមួយដោយស្មានថា ពស់ថ្លាន់វាស្លាប់ ព្រោះវះពោះរយះជាពីរទៅហើយតែធម្មតាពស់ថ្លាន់តែងមានប្រមាត់រស់គ្រាន់តែវះពោះប៉ុណ្ណឹងមិនស្លាប់ទេ។ លុះត្រាតែកាប់ដាច់ជាពីរជាបីកំណាត់ទើបស្លាប់។ យូរៗទៅពស់ថ្លាន់សះជារស់ឡើងវិញហើយតាំងចិត្តលែងស៊ីមនុស្ស និងសត្វណាដែលគ្មានរោម គ្មានមមីស ការដែលពស់ថ្លាន់លែងស៊ីមនុស្ស និងសត្វគ្មាន​រោមក៏ជាទំនៀមទំលាប់​ពីត្រឹមនោះមករហូតដល់ឥឡូវនេះ។ ឯផ្សោតក៏កើតមានពីត្រឹមនាងប្រពន្ធពស់ថ្លាន់ រហូតមកដល់សព្វថៃ្ងនេះ ក្បាលផ្សោតក៏ត្រងោលដូចជា របៀបទទូរផ្តិល សរីរាវៈយវៈរបស់ផ្សោត មិនខុសគ្នាពីមនុស្សប៉ុន្មានទេដូចជា ដោះ ប្រដាប់កេរខ្មាស និងសរីរាវៈយវៈឯទៀតខ្លះសឹងតែដូចមនុស្សទាំងអស់ គ្មានតែដៃជើងប៉ុណ្ណោះទេ។

រឿងដើមកំណើតរន្ទះ

រឿងដើមកំណើតរន្ទះ

កាល​ពី​ព្រេងនាយ មាន​បិសាច​មួយឈ្មោះ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ​ឈ្មោះ មេខលា ។ ​អ្នក​ទាំងពីរ​បាន​នៅ​បម្រើ​មហា​ឫសី​ដ៏​មាន​រិទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច និង​នាង​មេខលា​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា​ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀងខ្លួន ហើយ​អ្នក​ទាំងពីរ​ប្រកប​ដោយ​បញ្ញា​វៃ​ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំងពីរ​នោះ​ស្មើ​គ្នា ។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើល​ថា តើ​អ្នក​ណា​មួយ​ប៉ិន​ប្រសប់​ជាង​គេ ។ ទើប​លោក​និយាយ​ទៅ​កាន់​សិស្ស​ថា “បើ​អ្នក​ណា យក​កែវ​មួយ​មាន​ទឹក​សន្សើម​ពេញ​មក​ឲ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​កែវ​មនោហរា ហើយ​ដោយ​គុណភាព​នៃ​រតន​វត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើអ្វី ឬ​ចង់​បាន​អ្វី ចេះ​តែ​បាន​សម្រេច​ទាំងអស់” ។
រាមាសូរ ក៏​យក​កែវ​មួយ​ទៅ​ត្រង​ទឹក​សន្សើម​ដែល​ទើ​នៅ​ស្លឹក​ឈើ និង​ស្មៅ​ផ្សេងៗ ។ វា​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​ច្រើន​ព្រឹក ប៉ុន្តែ​ឥត​បាន​ផល​ល្អ​សោះ ។ ចំណែក​ឯ​នាង​មេខលា ដែល​ជា​ស្រី​គិត​វែង​ឆ្ងាយ​ក៏​រើស​យក​បណ្ដូល​ឈើ​មួយ​យ៉ាង​ទន់​ស្ពោតៗ ហើយ​យក​ទៅ​ដាក់​ផ្ដិត​លើ​ទឹក​សន្សើម ដែល​ដក់​នៅ​លើ​ស្លឹក​ឈើ និង​នៅ​លើ​ស្មៅ ទាល់​តែ​ដុំ​ឈើ​នៅ​ជក់​ទឹក​ពេញ​ទាំងអស់ ។ បន្ទាប់​មក​នាង​មេខលា​បាន​យក​ដុំ​ឈើ​នៅ​ទៅ​ច្របាច់​ទឹក​ដាក់ក្នុង​កែវ ។ អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ នាង​ក៏​រក​ទឹក​សន្សើម​ដាក់​កែវ​បាន​ពេញ ហើយ​ក៏​យក​កែវ​នោះ​ទៅ​ជូន​មហា​តាបស ។ ហេតុ​ដូច្នេះ បាន​ជា​នាង​អារក្ខ​ទេវី​ត្រូវ​បាន​តាបស​សម្គាល់​ថា ប៉ិន​ប្រសប់​ជាង​បិសាច ។
តាបស ​ជប់​ទឹក​សន្សើម​នោះ​ឲ្យ​កើត​ទៅ​ជា​កែវ ហើយ​ប្រគល​ទៅ​ឲ្យ​នាង​មេខលា​ដោយ​ប្រាប់​ថា “កែវ​នេះ​មាន​គុណភាព​ខ្លាំង​ណាស់ បើ​អ្នក​មាន​បំណង​អ្វី​មួយ គ្រាន់​តែ​លើក​កែវ​នេះ​គ្រវី​ឡើង នោះ​មួយ​រំពេច សេចក្ដី​ប្រាថ្នា​របស់​អ្នក​នឹង​បាន​សម្រេច​ភ្លាម មួយ​ទៀត​ដោយ​គុណភាព​នៃ​កែវ​នេះ អ្នក​អាច​ហោះ កាត់​អាកាស​កប់​ពពក​ជ្រក​អាចម៍​ជន្លេន​ទៅ​កាន់​កន្លែង​ណា​ក៏​បាន​ទាំងអស់” ។
នាង​អារក្ខ​ទេវី ក៏​ទទួល​យក​កែវ​នោះ​មក​លើ​គ្រវី​ឡើង​លើ ស្រាប់​តែ​ហៅ​វឹង​ទៅ​លើ​មេឃ​តម្រង​ទៅ​មហា​សាគរ ។ ចំណែក​ឯ​រាមាសូរ អាស្រ័យ​ដោយ​ការ​ព្យាយាម​ដ៏​យូរ ក៏​រក​ទឹក​សន្សើម​ដាក់​បាន​ពេញ​កែវ ហើយ​យក​ទៅ​ថ្វាយ​មហា​ឫសីៗ ពោល​ថា “ចៅ​ឯង​យក​របស់​នេះ​មក​យឹតយូរ​ពេក ហួស​ពេល​តា​ត្រូវការ ឥឡូវ​តា​បាន​ឲ្យ​រតន​វត្ថុ​នោះ​ទៅ​នាង​មេខលា​ទៅ​ហើយ មន្ត​អាគម​គាថា​របស់​តា អាច​ជប់​វត្ថុ​បែប​នេះ​បាន​តែ​មួយ​ដង​ទេ” ។
កាល​បើ​បាន​ឮ​មហា​តាបស​ថា​ដូច្នេះ រាមាសូរ​ក៏​កើត​សេចក្ដី​ទោមនស្ស​ពន់​ប្រមាណ ហើយ​ក៏​ស្រែក​យំ​អណ្ដើក​អណ្ដក​យ៉ាង​ខ្លាំង ។ ដើម្បី​លួង​ចិត្ត​បិសាច តាបស​ក៏​ប្រាប់​ថា “ចូរ​ចៅ​កុំ​កើត​ទុក្ខ​ខ្លាំង​ពេក ចាំ​តា​ឲ្យ​ពូថៅ​មួយ ពូថៅ​នេះ​អ្នក​អាច​យក​ទៅ​ឈ្លោះ​ដណ្ដើម​យក​កែវ​ពី​នាង​អារក្ខ​ទេវី​មេខលា​បាន នាង​មេខលា​នេះ ចូល​ចិត្ត​ហោះ​ហើរ​លេង​នៅ​លើ​អាកាស ដើម្បី​មុជ​ទឹក​ភ្លៀង​ដែល​មាន​ភ្លៀង​ម្ដងៗ ចូរ​អ្នក​ចោល​ពូថៅ​នេះ​ទៅ​លើ​វា វា​នឹង​បោះ​ចោល​កែវ​ដ៏​មាន​តម្លៃ​នោះ ប៉ុន្តែ​នៅ​ពេល​ប្រយុទ្ធ​គ្នា​នោះ ចៅ​ឯង​ឃើញ​វា​លើក​កែវ​ឡើង​គ្រវី ចូរ​ចៅ​ឯង​បិទ​ភ្នែក​ភ្លាម មុន​នឹង​ចោល​ពូថៅ​ទៅ​លើ​វា” ។
កាលបើ​រាមាសូរ​បាន​ពូថៅ​មក​កាន់​នៅ​នឹង​ដៃ​ហើយ វា​ក៏​ហោះ​ស្វែង​រក​នាង​មេខលា ដើម្បី​ដណ្ដើម​កែវ​មនោហរា ប៉ុន្តែ​កាល​បើ​បាន​ឃើញ​នាង​កាល​ណា នាង​ក៏​យល់​ឃើញ​ភ្លាម​ថា បិសាច​នេះ​ប្រាកដ​ជា​មក​មាន​បំណង​ធ្វើ​អាក្រក់​មក​លើ​នាង​ពុំខាន ទើប​នាង​លើក​កែវ​គ្រវី​ឡើង ហោះ​ទៅ​លើ​អាកាស​វេហា​ខ្ពស់​ក្រៃលែង​ខ្ពស់ ។ កាល​បើ​ក្រឡេក​ឃើញ​ពន្លឺ​ចាំង នៃ​កែវ​មាន​សិល្ប៍​ភ្លាម បិសាច​ក៏​បិទ​ភ្នែក​វា​ជិត​រួច​គ្រវែង​អាវុធ​វា​ទៅ ។ អាវុធ​នោះ ក៏​ហោះ​យ៉ាង​លឿន​ឮ​សូរ​សម្បើម​ក្រៃលែង ប៉ុន្តែ​ឥត​ត្រូវ​នាង​មេខលា​ទេ ។
ចាប់​តាំង​ពី​ពេល​នោះ​មក ទើប​នៅ​ពេល​មាន​ភ្លៀង​ផ្គរ​គេ​ឃើញ​ចាំង​ពន្លឺ​កែវ​ហើយ​ឮ​សូរ​សម្លេង​យ៉ាង​ខ្លាំង​នៃ​អាវុធ​នោះ ។ អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​ក្នុង​ភាសា​ខ្មែរ​យើង​ឲ្យ​ឈ្មោះ​ដុំ​ថ្ម​ទាំង​ឡាយ​ណា ដែល​ឃើញ​មាន​រាង​ដូច​ផ្លែ​ពូថៅ ឬ​ចប​កាប់​ក្បាល​ស្រួច ឬ​ដូច​កាំបិត​ថា “កាំ​រន្ទះ” ហើយ​សន្មត​របស់​ទាំងនេះ​ថា ជា​ព្រួញ​របស់​យក្ស​បាញ់ នៅ​លើ​មេឃ​ធ្លាក់​មក​ដី ។

រឿងដូនចាស់ក្នុងឃ្លោក

រឿងដូនចាស់ក្នុងឃ្លោក

កន្លងយូរមកហើយ ដូនចាស់ម្នាក់ចេញដំណើរទៅសួរសុខទុក្ខកូនស្រីគាត់ដែលមានប្ដីទៅនៅស្រុកឆ្ងាយ។ គាត់ដើរកាត់ព្រៃក្រាស់ពីមួយទៅមួយ ក៏ជួបនឹងកញ្ជ្រោងមួយ «យាយចាស់! អញអត់អីស៊ី១០ថ្ងៃហើយ យាយឯងមិនអាចទៅទៀតឆ្ងាយពីនេះបានទេ ព្រោះអញនឹងស៊ីយាយឯងអស់ឥឡូវនេះហើយ» កញ្ជ្រោងនិយាយ។ ដូនចាស់ឆ្លើយតបថា «សូមអត់ទ្រាំសិន ចៅសម្លាញ់អើយ! ខ្ញុំសុំទៅសួរសុខទុក្ខកូនស្រីខ្ញុំ តែមួយខែទៀតខ្ញុំនឹងត្រឡប់មកតាមផ្លូវនេះវិញដូចនេះសូមចៅឲ្យខ្ញុំទៅសិនចុះ។ ឥឡូវនេះខ្ញុំនៅស្គម​ប៉ុន្ដែដល់ពេលនោះខ្ញុំនឹងធាត់ហើយចៅឯងអាចស៊ីខ្ញុំបានតាមចិត្ដប្រាថ្នា។
កញ្ជ្រោងនឹកក្នុងចិត្ដថា «មនុស្សស្រីធាត់ជាអាហារឆ្ងាញ់ជាងមនុស្សស្គម » ដូចនេះវាក៏ឲ្យដូនចាស់នោះបន្ដដំណើរទៅ។ គាត់ក៏ស្រូតដំណើរដោយនឹកសង្ឃឹម​ថាគ្មានសត្វអ្វីមករារាំង​គាត់ទៀត​ទេ។ គាត់ដើរមិនទាន់បានឆ្ងាយប៉ុន្មានផងស្រាប់តែស្ដេចព្រៃដ៏សាហាវគឺខ្លាធំចេញមកហើយគ្រហឹមថា «យាយចាស់អញអត់ចំណីចំនួនម្ភៃថ្ងៃហើយ យាយឯងនឹងត្រូវជាចំណីអញ ភាវនាឲ្យហើយទៅ! » «ឱ!លោកអើយ សូមលែងឲ្យខ្ញុំទៅផង។ លោកអាចស៊ីខ្ញុំបាននៅពេលខ្ញុំត្រឡប់មកពីសួរសុខទុក្ខកូនស្រីខ្ញុំវិញ ដល់ពេលនោះខ្ញុំនឹងធាត់ហើយមានឱជារសឆ្ងាញ់ មិនមែនស្គមកំព្រឹងហើយស្វិតដូចឥឡូវនេះទេ» ដូនចាស់និយាយ។ ឭដូចនោះ ខ្លាក៏បើកផ្លូវឲ្យទៅ។ មិនយូរប៉ុន្មាន ស្ដេចស្វាមួយអន្លើដោយបរិវារឈររាំងផ្លូវគាត់។ ដើម្បីបំភាន់ភ្នែក ស្ដេចស្វាទទួលគាត់យ៉ាងគួរសមដោយជូនផ្កាដ៏ក្រអូបមួយបាច់ទៅគាត់។
បន្ទាប់មកវាពោលទាំងញញឹមថា «យាយបានអញ្ជើញមកទាន់ពេល្អ។ ខ្ញុំមានសេចក្ដីរីករាយនឹងស៊ីយាយឯង។ » ដូនចាស់តបថា «ឱ! លោកម្ចាស់ស្វាអើយ! សូមលោកអត់ទ្រាំបន្ដិចសិន ខ្ញុំកំពុងតែធ្វើដំណើរទៅសួរសុខទុក្ខកូនស្រីខ្ញុំ ដូចនេះសូមលោកលែងឲ្យខ្ញុំទៅផង! ឥឡូវនេះខ្ញុំស្គមណាស់ ប៉ុន្ដែក្នុងរវាងមួយខែទៀត ខ្ញុំនឹងមានសាច់ធាត់ ហើយពេលនោះ លោកម្ចាស់អាចស៊ីខ្ញុំបានតាមចិត្ដប្រាថ្នា។» ប៉ុន្ដែ ស្ដេចស្វាមិនមែនជាសត្វងាយបោកបាន ដូចជាកញ្ជ្រោងនិងខ្លាទេ។ តាមបញ្ជារបស់ស្ដេចវា ស្វាមួយហ្វូងមកឡោមព័ទ្ធដូចចាស់ ដោយស្រែកចេកចាចផង។ កូនស្វាតូចមួយហ៊ានឡើងលើស្មា ហើយលោតទំលើក្បាលគាត់ទៀត។ គាត់អង្វរពួកស្វាឲ្យបើកផ្លូវឲ្យគាត់ទៅ តែស្ដេចស្វានិយាយថា«ខ្ញុំមិនជឿថាយាយឯង​ពិតជាត្រឡប់មកតាមផ្លូវនេះវិញទេ ល្គឹកណាយាយឯងមិនស្បថនៅចំពោះភ័ក្រ្ដព្រះពុទ្ធនោះ!
ដូនចាស់ក៏ស្បថ ហើយគាត់ក៏បានត្រូវអនុញ្ញាតឲ្យបន្ដដំណើរទៅទៀត។ យូរក្រោយមកគាត់មកដល់ផ្ទះកូនស្រី ហើយរស់នៅទីនោះយ៉ាងសុខសាន្ដ។ ប៉ុន្ដែពេលវាលាកន្លងទៅយ៉ាងលឿន ហើយមួយខែក៏បានកន្លងផុតទៅយ៉ាងឆាប់ណាស់ដែរ។ ពេលនោះ គាត់នឹកដល់ពាក្យសន្យារបស់គាត់ជាមួយនឹងសត្វទាំងឡាយ ហើយក៏ប្រាប់រឿងទាំងអស់នេះដល់កូនស្រីគាត់។ ម្ដាយនិងកូនរួមគំនិតគ្នាហើយធ្វើគម្រោងការមួយ។ កូនស្រីទៅយកផ្លែឃ្លោកធំៗពីរមក។ ឃ្លោកមួយឈ្មោះលង្កា ដែលមានរាងដូចដប ហើយមួយទៀតឈ្មោះចិន្ដា ដែលមានរាងដូចពស់។ កូនស្រីដាក់ដូនចាស់ក្នុងឃ្លោកលង្កាហើយឲ្យឃ្លោក ចិន្ដានាំផ្លូវចេញទៅ។ ដូចនេះឃ្លោកទាំងពីរធ្វើដំនើរចូលទៅក្នុងព្រៃសំដៅទៅកន្លែងដែល ស្វា ខ្លា និងកញ្ជ្រោងកំពុតតែរង់ចាំដូនចាស់ដោយស្រេកឃ្លាន។ មកដល់ផ្លូវបំបែកស្វាប្រជុំគ្នាយ៉ាងកុះករខុសពីធម្មតា។
រំពេចនោះ ពួកស្វាលឺសូរសំឡេងចម្លែកកម្យ៉ាង ហើយឃើញឃ្លោកចិន្ដាដើរមកជិត ដោយមានឃ្លោកលង្កាតាមពីក្រោយ។ បើកផ្លូវឲ្យយើង! ឃ្លោកចិន្ដាស្រែកឡូឡើង។ តើពួកអ្នកឯងរាល់គ្នាចង់យ៉ាងម៉េច បានជាមករាំងផ្លូវយើងយ៉ាងនេះ!» ស្ដេចស្វាស្រដីយ៉ាងគួរសមដោយថយក្រោយមួយជំហ៊ាន ពួកយើងកំពុងចាំដូនចាស់ម្នាក់ដែលសន្យាប្រគល់ខ្លួន ធ្វើជាចំណីពេលល្ងាចរបស់យើង។ តើអ្នកបានឃើញគាត់នៅតាមផ្លូវដែររឺទេ?»។ តើយើងមានទាក់ទងអ្វីនឹងដូនចាស់របស់ពួកឯង? ឃ្លោកចិន្ដាតបយ៉ាងក្រអឺត ចៀសចេញពីផ្លូវយើង! រួកឃ្លោកចិន្ដា និងលង្កាបន្ដដំណើរទៅមុខទៀត។ បន្ដិចក្រោយមក ឃ្លោកទាំងពីរមកដល់កន្លែងដែលខ្លាកំពុងរង់ចាំ។ ខ្លាបានសម្ចិត្ដថា មិនស្ដាប់សម្តីមួយមាត់របស់យាយចាស់នេះទៀតឡើយ ហើយប្រុងប្រៀបខ្លួននឹងលោតទៅកាច់ក នឹងហែកគាតស៊ីមួយរំពេច។ ដំបូងសូរសម្លេងមួយបានលាន់ឮពីចម្ងាយបន្ទាប់មកខ្លា​ក៏ឃើញឃ្លោកចិន្ដារមៀលមករកវា​ដោយមានឃ្លោកលង្កា​តាមពីក្រោយផង។
បើកផ្លូវឲ្យយើង! ឃ្លោកចិន្ដាស្រែកឡើង។ ខ្លាស្រលាំងកាំង គិតអ្វីមិនយល់ក៏ចៀសផ្លូវ។ រួចភ្លាមនោះវានឹកឃើញក៏ពោលឡើងថា «អូ!តើអ្នកបានឃើញយាយចាស់ដែលបាន​សន្យា​ប្រគល់​ខ្លួនធ្វើជាចំនីពេលល្ងាចរបស់ខ្ញុំទេ?។ តើយើងមានទាក់ទងអ្វីនឹងដូនចាស់ពួកអែង ឃ្លោកចិន្ដានិយាយតប ចៀសចេញផ្លូវយើង! ឃ្លោកចិន្ដា និងឃ្លោកលង្កាក៏ធ្វើដំនើរហួសទៅ។ ពេលនោះកញ្ជ្រោងបានលឺសូរយានចំលែកដែលរមៀលកាត់ព្រៃ វាមានការសង្ស័យណាស់។ វាក៏យកដុំថ្មស្រួចមកដាក់កណ្ដាលផ្លូវ។ រួចវាទៅពួនចាំលបមើលពីក្រោយឈើមួយដើម។ បន្ដិចមកឃ្លោកចិន្ដានិងលង្ការមៀលមកដល់ទីនោះយ៉ាងលឿន។ ដូចចាស់អស់សំណើចខ្លួនឯងនិងដំនើរដ៏ប៉ិនប្រសប់ដែលឃ្លោកទាំងពីរបានបំភាន់ភ្នែកពួកសត្វ ស្វានិងខ្លា។
«ក្រាក់! » ឃ្លោកលង្កាទង្គិចនិងដុំថ្មស្រួច ហើយបែករយះពីលើដល់ក្រោម គ្រវាត់ដូនចាស់ចេញមកលើផ្លូវ។ ពេលនោះស្វានិងខ្លាបានយល់កលល្បិចដែលគេបោកវា ហើយដេញតាមមកដែរ។ ចំពេលដែកញ្ជ្រោងរៀបចំស៊ីដូនចាស់តែម្នាក់ឯង សត្វឯទៀតនោះក៏រត់មកដល់ដែរ។ ដូនចាស់ដឹងថា ពេលនេះគាត់រត់គេចមិនរួចពីក្រញាំសត្វទាំងនេះទេ តែគាត់មិនទាន់អស់សង្ឃឹមឡើយ​គាត់សុខចិត្ដអោយសត្វទាំងនោះស៊ីគាត់ ប៉ុន្ដែគាត់ស្រដីថា «បើយកល្អ អាំងខ្លួនខ្ញុំសិនធ្វើយ៉ាងនេះទើបមានរស់ជាតិឆ្ងាញ់។ លឺដូចនោះ ពួកសត្វនាំគ្នាបង្កាត់ភ្លើងអាំងគាត់។ «អុសត្រូវក្លាយជាផេះសិន មុនពេលដាក់ខ្ញុំអាំង ហើយខ្ញុំនឹងឆ្អិនមួយរំពេច» ដូនចាស់និយាយដោយសង្ឃឹមថា នឹងអាចពន្យាពេលឲ្យបានយូរបន្ដិច។ទីបំផុត ពេលអុសក្លាយជាផេះហើយ ដូនចាស់យកថ្មមួយដុំមកដាក់កន្ដាលភ្នក់ភ្លើងរួចក៏អង្គុយពីលើ។ ដោយគិតថា ចំណីរបស់ខ្លួនមុខជាបានឆ្អិនក្នុងពេលឆាប់ៗនោះ សត្វទាំងអស់ក៏បិទភ្នែកហើយសូត្រធម៌តាមទំនៀមទម្លាប់។ ភ្លាមនោះដូនចាស់ក្ដាប់ផេះមួយដៃ រួចបាចចំមុខសត្វទាំងនោះ ធ្វើឲ្យពួកវាមើលអ្វីមិនឃើញ។ គាត់ក៏រត់ចេញពីក្នុងព្រៃ ហើយបានរួចខ្លួន មុនពេលពួកវាអាចបើកភ្នែកមើលបានវិញ។
ពោរពេញដោយកំហឹង ហើយថែមទាំងឃ្លានខ្លាំងផង កញ្ជ្រោងខ្លានិងស្ដេចស្វានាំគ្នារកដូនចាស់គ្រប់ទិសទី ប៉ុន្ដែពួកនោះលែងឃើញគាត់ទៀតហើយ។

រឿងជាតិខ្លាធំ ឫ រឿងដើមកំនើតខ្លាធំ

រឿងជាតិខ្លាធំ ឫ រឿងដើមកំនើតខ្លាធំ

កាល​ពីព្រេងនាយ​ មាន​ព្រះមហាក្សត្រិយ៍​មួយ​ព្រះអង្គ​ សោយ​រាជ​សម្បត្តិ​នៅ​នគរ​មួយ​ មាន​អគ្គមហេសី​ ជា​ចមស្រ្តី​ មាន​មន្រ្តី​ចតុស្ដម្ភ​៤​នាក់​ មាន​ហោរា​មួយ​នាក់​ ជា​តំនាង​ព្រះនេត្រ​ ព្រះ​កាណ៌​ព្រះអង្គ​ មាន​មន្រ្តី​និង​ស្រី​ស្នំ​ជា​រាជ​បរិពារ​ ពេញ​កិត្តិយស​ជា​ម្ចាស់​ផែន​ដី​ តាម​ព្រះរាជ​ប្រពៃណី​អំពី​បុរាណ​រៀង​មក ។ ប៉ុន្តែ​ព្រះមហាក្សត្រិយ៍​និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ ពុំ​បាន​រៀន​វេទមន្ត​ ខាង​ការ​ពិជ័យ​សង្រ្គាម​ ដូច​ព្រះរាជា​មុនៗ​មក​ឡើយ​ ព្រះអង្គ​តែង​ទ្រង់​ព្រួយ​បារម្ភ​នឹង​ព្រះមហា​នគរ​ជា​អនេក ។ ដោយ​ព្រះរាជានុភាព​របស់​ព្រះអង្គ​ ចេះ​តែ​ទន់ទាប​ចុះ​ទ្រង់​ក៏​រំពឹង​ថា << បើ​ប្រសិន​ជា​មាន​សឹក​សត្រូវ​ ចូល​មក​លុកលុយ​ដណ្ដើម​ព្រះ​នគរ​ អញ​មុខ​ជា​ព្រះនគរ​នឹង​បាន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​បច្ចាមិត្រ​ដោយ​ងាយ​ពុំ​ខាន​ឡើយ ។
ថ្ងៃ​មួយ​ វេលា​ម៉ោង​៨​ព្រឹក​ ព្រះអង្គ​ទ្រង់​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង​ ដោយ​មាន​ព្រះអគ្គមហេសី​គង់​អែប​នែប​ជិត​ព្រះអង្គ​ ហើយ​ដោយ​មាន​ហោរា​ចតុស្ដម្ភ​ទាំង​៤​នាក់​ និង​មន្រ្តី​ឯ​ទៀត​ ក្រាប​បង្គំ​គាល់​តាម​ធម្មតា ។ ពេល​នោះ​ទ្រង់​ភ្នក​ព្រះទ័យ​ ចង់​ទៅ​រៀន​សិល្បសាស្រ្ត​ក្នុង​សំណាក់​អាចារ្យទិសាបាមោក្ខ​ ឯ​នគរ​តក្កសិលា ។ ទ្រង់​ក៏​ជំនុំ​ជាមួយ​ព្រះអគ្គមហេសី​ ក៏​សុំ​តាម​ទៅ​ផង ។ ឯ​ហោរា​និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ ក៏​សុំ​តាម​ហែ​ព្រះអង្គ​ទៅ​ដែរ​ ដើម្បី​នឹង​រៀន​មន្ត​វិជ្ជា​ឲ្យ​ជំនាញ​ ដើម្បី​រក្សា​ព្រះ​នគរ ។ ព្រះអង្គ​ក៏​ទ្រង់​ព្រះរាជានុញ្ញាត ។ ជំនុំ​ស្រេច​ហើយ​ មាន​ថ្ងៃ​មួយ​ព្រះអង្គ​នាំ​អគ្គមហេសី​ ហោរា​ និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ចេញ​ចាក​ព្រះនគរ ។ គម្រប់​៧​ថ្ងៃ​ ដល់​នគរ​តក្តសិលា​ បាន​ជួប​នឹង​អាចារ្យ​ទិសាបាមោក្ខ​ ក៏​សុំ​រៀន​សិល្ប​វេទ ។ អាចារ្យ​ទិសាបាមោក្ខ​ទទួល​ភារៈ​បង្រៀន​ព្រះអង្គ ។ ព្រះអគ្គមហេសី​ និង​ហោរា​ព្រម​ទាំង​ចតុស្ដម្ភ​បាន​រៀន​ចេះ​ចប់​សព្វគ្រប់​​ទោះ​នឹង​ចង់​ក្លែង​ខ្លួន​ជា​សត្វ​តិរច្ឆាន​ ឬ​ជា​យក្ស​គន្ធព្វសុបណ្ណា​ ក៏​បាន​ដោយ​ងាយ ។ រៀន​ចេះ​ចប់​ស្រេច​ ស្ដេច​សុំ​លា​លោក​អាចារ្យ​ វិល​ត្រឡប់​មក​ព្រះនគរ​វិញ ។ អាចារ្យ​ក៏​អនុញ្ញាតិ​ព្រះរាជា​ និង​ព្រះអគ្គមហេសី​បាន​ធ្វើ​ព្រះរាជ​ដំណើរ​ ត្រឡប់​មក​វិញ​ ព្រម​ដោយ​ហោរា​ នូវ​ចតុស្ដម្ភ​ទាំង​បួន​នាក់ ។ ទ្រង់​ចេញ​ចាក​ក្រុង​តក្កសិលា​មក​បាន​៣​ថ្ងៃ​ ហេតុ​តែ​ផលកម្ម​នាំ​ឲ្យ​វង្វេង​ផ្លូវ​ ទ្រង់​យាង​ត្រាច់​កាត់​ព្រៃ​ អស់​ស្បៀង​អាហារ​ សោយ​តែ​មើម​ឈើ​ និង​ផ្លែ​ឈើ ។ ព្រះរាជា​ទ្រង់​ស្ដាយ​ព្រះជន្ម​ ទ្រង់​ក៏​ជំនុំ​គិត​ជាមួយ​ហោរា​ ចតុស្ដម្ភ​ទាំង​៤​នាក់​ព្រម​ទាំង​ព្រះអគ្គមហេសី​ថា << ឥឡូវ​នេះ​ យើង​ជិត​ដល់​នូវ​ការ​អស់​អាយុ​សង្ខារ​គ្រប់​គ្នា​ហើយ​ ព្រោះ​គ្មាន​អាហារ​នឹង​ចិញ្ចឹម​ជីវិត​ តើ​អស់​លោក​យល់​ឃើញ​ដូចម្ដេច ? ។ ហោរា​ទូល​ព្រះ​អង្គ​ថា << ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ យល់​ឃើញ​ថា​មន្ត​វិជ្ជា​ដែល​យើង​បាន​រៀន​មក​ សឹង​ចេះ​សព្វ​គ្រប់​ដូច​គ្នា​ ហេតុនេះ​ បើ​កាឡា​ខ្លួន​ជា​សត្វ​ខ្លា​ធំ​ ហើយ​នឹង​ចាប់​សត្វ​ឯ​ទៀត​​ធ្វើ​ជា​អាហារ​ទំរាំ​តែ​ទៅ​ដល់​ព្រះ​នគរ​ សឹម​កាឡា​ខ្លួន​ជា​មនុស្ស​វិញ​ក៏​បាន ។ ព្រះរាជា​ ព្រះ​មហេសី​នូវ​ចតុស្ដម្ភ​ ក៏​ព្រម​តាម​ហោរា ។ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា << ឥឡូវ​រូប​ខ្លា​ទាំង​មូល​នេះ​ លោក​ណា​ត្រូវ​កាឡា​ខ្លួន​ធ្វើ​ជា​អ្វី ? ។ ចតុស្ដម្ភ​សុំ​ធ្វើ​ជា​ជើង​ខ្លា​ទាំង​បួន ។ ហោរា​សុំ​ធ្វើ​ជា​កន្ទុយ ។ ព្រះ​អគ្គមហេសី​សុំ​ធ្វើ​ជា​ខ្លួន​ខ្លា ។ រូប​ខ្លា​ទាំង​មូល​នេះ​ឃើញ​នៅ​សល់​តែ​ក្បាល​ គឺ​តួ​ព្រះមហាក្សត្រិយ៍ ។ ជំនុំ​រួច​ស្រេច​ក៏​សូត្រ​មន្ត​វិជ្ជា​កាឡា​ខ្លួន​កើត​ជា​ព្យគ្ឃរាជ ( ស្ដេច​ខ្លា) បាន​ដូច​សេចក្ដី​ប្រាថ្នា​ ស្ទុះ​បោល​ដេញ​ចាប់​សត្វ​ប្រើស​ ក្ដាន់​ជា​អាហារ ។ លុះ​អំឡុង​ទៅ​ ក៏​កើត​មាន​សេចក្ដី​សប្បាយ​ ភ្លេច​រាជ​សម្បត្តិ​ និង​ព្រះ​មហានគរ​ពុំ​ស្ដាយ​សោះ ។
ហេតុ​នេះ​ បាន​ជា​សត្វ​ខ្លា​ មាន​កម្លាំង​ជាង​សត្វ​ឯ​ទៀត​ ហើយ​សត្វ​ខ្លា​នេះ​ កាល​នឹង​ចាប់​សត្វ​ជា​អាហារ​ គឺ​ដឹង​ដោយ​សារ​កន្ទុយ​ជា​មុន​​ព្រោះ​ជា​ហោរា ។ ដង​ខ្លួន​ដែល​ទន់​ភ្លន់​គឺ​ព្រះ​អគ្គមហេសី​ជា​ស្រ្តី​ភាព ។ ឯ​ក្បាល​ដែល​មើល​ឃើញ​សម្បើម​អស្ចារ្យ​ គឺ​តួ​អង្គ​ព្រះមហាក្សត្រិយ៍​ ដែល​មាន​មហិទ្ធិឫទ្ធិ​ជាង​គេ​ទាំងអស់ ។ ឯ​ជើង​ទាំង​៤​ ដែល​មាន​កម្លាំង​ខ្លាំង​ ហើយ​មាន​ក្រចក​មុត​ គឺ​ចតុស្ដម្ភ​ទាំង​៤ ។
ប្រហែស​បាត់​ ប្រយ័ត្ន​គង

រឿងគ្រូ និង សិស្ស

រឿងគ្រូ និង សិស្ស

               មាន​ភិក្ខុ​មួយ​អង្គ​គង់​នៅ​វត្ត មាន​កូន​សិស្ស​តែ​ម្នាក់​ឈ្មោះ​អា​ផ្លូញ ។ អា​ផ្លូញ​ខិល​ណាស់ គ្រូ​ល្ងង់​ណាស់ ឆោត​ច្រើន គ្មាន​ឧបាសក​ណា​រាប់​អាន​យក​ចង្ហាន់​ស្លា​បារី ទៅ​ប្រគេន​ឬ​និមន្ដ​ឆាន់​ផ្ទះ​ដល់​ម្ដង​ឡើយ លោក​នោះ​ក្រ​លំបាក​ពន់​ពេក​តែ​លោក​មាន​ដំរី​មួយ ។
ថ្ងៃ​មួយ​លោក​ នោះ​ពិចារណា​ថា “សព្វ​ថ្ងៃ​នេះ​គ្មាន​ឧបាសក ឧបាសិកា​គេ​ប្រគេន​វត្ថុ​អ្វី​ឆាន់​សោះ ហើយ​ដូច្នេះ​គួរ​អញ​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុក​ឆាន់​កុំ​ឲ្យ​លំបាក” ។ គិត​ដូច្នោះ​ហើយ​ក៏​ប្រាប់​កូន​សិស្ស​ថា “អា​ផ្លូញ​ឯង​ចាប់​ដំរី​មក ហើយ​ឯង​ទៅ​ផ្សារ​នឹង​អញ​រក​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុកឆាន់” ។ កូន​សិស្ស​ទៅ​ចាប់​ដំរី​បាន​មក គ្រូ​និង​សិស្ស​ក៏​ឡើង​ជិះ​ដំរី​ទៅ​ផ្សារ ។ លុះ​ទៅ​ដល់​គ្រូ​ប្រាប់​សិស្ស​ថា “ឯង​ទិញ​វត្ថុ​អ្វី​ដែល​ទុក​បាន​យូរ​មិន​ខូច” ។ អា​ផ្លូញ​ជា​សិស្ស​ក៏​ទិញ​អំបិល​មួយ​ច្រក​ការុង​ស្រេច ។ គ្រូ​ឃើញ​សួរ​ថា “ហេតុ​ដូចម្ដេច​ក៏​ឯង​ទិញ​តែ​អំបិស មិន​ទិញ​ត្រី​ឆ្អើរ ត្រី​ងៀត​ផង ?” ។ កូន​សិស្ស​ទូ​ថា “អមបិល​ទុក​បាន​យូរ មិន​ចេះ​ខូច បាន​ជា​ខ្ញុំ​ព្រះ​ករុណា​ទិញ” ។ គ្រូ​ឆោត​ល្ងង់​ណាស់​ក៏​ស្ងៀម ។
គ្រូ ​ឡើង​បរ​ដំរី​មក​វិញ សិស្ស​រែក​អំបិល​ដើរ​ពី​ក្រោយ ដល់​ពាក់​កណ្ដាល​ផ្លូវ​គ្រូ​មើល​ទៅ​សិស្ស ឮ​សូរ​ដង​រែក​ដូច​ជា​ស្រួល​ក៏​សួរ​ថា “អា​ផ្លូញ ! អញ​មើល​ទៅ​ឯង​រែក​អំបិល​ដូច​ជា​ស្រួល​ឬ​យ៉ាង​ណា ?” ។ សិស្ស​ទូល​ថា “ព្រះ​ករុណា ! ស្រួល​ណាស់​ហើយ​ស្រាស​ផង” ។ លោក​គ្រូ​ប្រាប់​សិស្ស​ថា “ឯង​ជិះ​ដំរី​វិញ​អញ​រែក​អំបិល​ដើរ​ក្រោយ” ។ លោក​គ្រូ​ថា​ហើយ ចុះ​ពី​លើ​ដំរី​មក សិស្ស​ក៏​ឡើង​ជិះ​ដំរី​ទៅ ។ លោក​គ្រូ​ប្រាប់​ថា “ឯង​បរ​ដំរី​ទៅ​ចាំ​អញ​ម្លប់​ឈើ​មុខ” ។ សិស្ស​បរ​ដំរី​ទៅ​ដល់​ម្លប់​ឈើ​ក៏​មិន​ឈប់​ចាំ​គ្រូ បរ​រហូត​ដល់​វត្ត ។
លោក ​គ្រូ​រែក​អំបិល​ដើរ​តាម​ក្រោយ ដោយ​អំបិល​នោះ​ធ្ងន់​ណាស់ លោក​គ្រូ​រែក​ឈប់ៗ បែរ​មើល​ទៅ​សិស្ស​មិន​ឃើញ​ក៏​គិត​ថា “ចាំ​ក្រោយ​សឹម​នាំ​សឹម​នាំ​សិស្ស​មក​យក” ហើយ​យក​អំបិល​ទៅ​លាក់​ក្នុង​ព្រៃ មុន​នឹង​លាក់​លោក​គិត​ថា “ទី​នេះ​បើ​សិន​ជា​មាន​គេ​មក​រក​ជម្រក​ឃើញ គេ​នឹង​យក​អំបិល​នេះ​អស់​មិន​ខាន គួរ​តែ​រក​ទី​ណា​ដែល​កំបាំង​ភ្នែក​អ្នក​ទាំង​ពួង គឺ​មាន​តែ​ក្នុង​ទឹក​ទើប​គេ​មើល​មិន​ឃើញ” ហើយ​ក៏​យក​អំបិល​ទាំង​ពីរ​ការុង​ទៅ​លាក់​ទុក​ក្នុង​ទឹក​ហើយ​ដើរ​ទៅ ។ លុះ​ដល់​សួរ​សិស្ស​ថា “ហេតុ​ដូចម្ដេច​ក៏​ឯង​មិន​ចាំ​អញ ?” ។ សិស្ស​ទូល​ថា “ខ្ញុំ​ព្រះ​ករុណា​បរ​ដំរី​មក​ប្រុង​ចាំ​លោក​គ្រូ​ដែរ​តែ​ដំរី​មិន​ព្រម​ចាំ ​សោះ អង្វរ​ដូចម្ដេច​ក៏​វា​មិន​ព្រម វា​ប្រឹង​ដើរ​ដល់​វត្ត​ទើប​ឈប់” ។ សិស្ស​សួរ​គ្រូ​ថា “លោក​គ្រូ​ទូក​អំបិល​ឯ​ណា ?” ។ គ្រូ​ប្រាប់​ថា​អញ​លាក់​ទុក​នៅ​ទី​ឯ​ណោះ អញ​កាច់​ដើម​ឈូក​ដោត​ជា​សម្គាល់” ។
ព្រឹក ​ឡើង​នាំ​កូន​សិស្ស​ទៅ​យក​អំបិល​វិញ លុះ​ដល់​ប្រាប់​សិស្ស​ថា “អញ​លាក់​ទុក​ក្នុង​ត្រពាំង​នេះ” ។ សិស្ស​លាន់​មាត់​ថា “ម៉ែ​អើយ ! វា​រលាយ​អស់​ហើយ!” ។ អា​ផ្លូញ​ក៏​ចុះ​ទៅ យក​អំបិល​លើក​ការុង​ទាំង​ពីរ​ឡើង​រលាយ​អស់​គ្មាន​សល់ ចំណង​ដែល​ចង​មាត់​ការុង​ដាច់​អស់ ឃើញ​ឯ​ត្រី​កញ្ចុះ​មួយ​នៅ​ក្នុង​ការុង​នោះ ។ សិស្ស​ទូល​លោក​គ្រូ​ថា “មាន​ត្រី​កញ្ចុះ​មួយ​នៅ​ក្នុង​ការុង វា​ស៊ី​អំបិល​អស់​ទៅ​ហើយ” ។ យក​ត្រី​និង​ការុង​ប្រគេន​គ្រូ​មើល ។ លោក​គ្រូ​ឃើញ​ត្រី​ខឹង​ណាស់​ក៏​ទះ​កំផ្លៀង​មុត​ដៃ​នឹង​ធ្មង់​ត្រី​ជាប់ ។ ពិស​ត្រី​ចាប់​ពើត​ឈឺ​ខ្លាំង​ពេក លោក​គ្រូ​ថា “ឯង​ចាប់​ត្រី​ដក​ធ្មង់​វា​ឆាប់​ត្បិត​អញ​ឈឺ​ណាស់” ។ សិស្ស​ក៏​ចាប់​ដក​ទាញ​ស្ទើរ​តែ​មិន​រួច ។ លុះ​ដក​រួច​ឈាម​ហូរ​ជា​ខ្លាំង ពិស​ត្រី​រឹត​តែ​ឈឺ​ខ្លាំង​ឡើង លោក​គញរូ​នាំ​កូន​សិស្ស​ទៅ​វត្ត​វិញ​យក​ទាំង​ការុង និង ត្រី​កញ្ចុះ​ទៅ​ផង ដល់​ទៅ​វត្ត​ប្រាប់​សិស្ស​ថា “អា​ផ្លូញ ឯង​ដាំ​បាយ​មួយ​ឆ្នាំង អាំង​ត្រី​កញ្ចុះ​នោះ​ឲ្យ​ឆ្អិន​ជា​ឆាប់​អញ​នឹង​ឆាន់” ។ លុះ​ពិស​អន់​ចាប់​ពើត​លោក​គ្រូ​ក៏​សម្ងំ​សឹង​លក់​ទៅ ។
ឯ​អា​ផ្លូញ​ ក៏​ដាំ​បាយ​អាំង​ត្រី​ឆ្អិន ហើយ​បរិភោគ​អស់​ទុក​តែ​បាយ​មួយ​ពំនូទ​និង​ឆ្អឹង​ត្រី​ក្នុង​ចាន​គ្រប តែ​វា​គ្រប​មិន​ឲ្យ​ជិត ។ លោក​គ្រូ​ភ្ញាក់​ឡើង​ប្រាប់​សិស្ស​ថា “ឯង​យក​បាយ​និង​ត្រី​មក​ឆាន់” អា​ផ្លូញ​ក៏​ធ្វើ​ជា​កិរិយា​ដូច​ជា​ទៅ​យក​បាយ​ប្រគេន​លោក​គ្រូ​រួច​មក​វិញ​ ទូល​ថា “បាយ​និង​ត្រី​រុយ​ស៊ី​អស់​ហើយ នៅ​សល់​តែ​មួយ​ពំនូត និង​ឆ្អឹង​ត្រី” លោក​គ្រូ​ជឿ​ឥត​សង្ស័យ​ដោយ​ឆោត​ល្ងង់​ក៏​ឲ្យ​រំពាត់​ផ្ដៅ​មួយ​មក​សិស្ស​ថា “ឯង​យក​រំពាត់​វាយ​រុយ​កុំ​ឲ្យ​វា​នៅ​លើ​កុដិ” អា​ផ្លូញ​ជា​សិស្ស​ក៏​វាយ​រុយ​មិន​ឈប់” ។ គ្រា​នោះ​មាន​រុយ​ទុំ​ច្រមុះ​គ្រូ វាយ​ទៅៗ​មិន​ត្រូវ​រុយ ត្រូវ​ច្រមុះ​គ្រូ​បែក​ឈាម​ហូរ​ខ្ចាយ ។ សិស្ស​ភ័យ​ណាស់​រត់​ទៅ​ដល់​ផ្ទះ និយាយ​ប្រាប់​ឳពុក​ម្ដាយ​តាម​រឿង ។ ឳពុក​ម្ដាយ​ប្រាប់​កូន​ឲ្យ​មក​វត្ត​វិញ កូន​ប្រកែក​មិន​ព្រម​មក ។ លោក​គ្រូ​ទៅ​តាម​ក៏​វា​មិន​ហ៊ាន​មក​ដោយ​ខ្លាច​គ្រូ​វាយ ។
ថ្ងៃ​មួយ ​លោក​គ្រូ តាំង​ពិធី​សូត្រ​មន្ត​អាគម​ស្នេហ៍​បន្ទន់​ចិត្ត​សិស្ស​ឲ្យ​មក ។ អា​ផ្លូញ​ជា​សិស្ស​បាន​ដឹង​ថា​គ្រូ​តាំង​ពិធី​សូត្រ​មន្ត​ដូច្នោះ ក៏​មក​វត្ត​វិញ ដើម្បី​ឲ្យ​គ្រូ​ជឿ​ថា​ស្នេហ៍​ពូកែ ។ លុះ​ដល់​វត្ត​វិញ​ដើរ​លបៗ​ចូល​ទៅ​ឃើញ​គ្រូ​កំពុង​តែ​អង្គុយ​សូត្រ​មន្ត ក៏​សួរ​លោ​គ្រូ​ថា “លោក​គ្រូ​ធ្វើ​អ្វី ?” ។ គ្រូ​កុហក​ថា “អញ​សូត្រ​មន្ត​អាគម​បំបាំង​ខ្លួន ព្រោះ​អញ​ទើប​រៀន​ពី​គេ” ។ ហើយ​លោក​គ្រូ​គិត​ថា “ស្នេហ៍​អញ​ពូកែ​មែន​បាន​ជា​សិស្ស​អញ​វា​មក” ។ លុះ​ព្រឹក​ឡើង​សិស្ស​ដាំ​បាយ​ធ្វើ​ម្ហូប​ស្រេច ទូល​ថា “ចង្ហាន់​ឆ្អិន​ហើយ” ។ លោក​គ្រូ​ថា “បើ​ដូច្នេះ​ឯង​លើក​យក​ឲ្យ​អញ​ឆាន់” ។ អា​ផ្លូញ​ក៏​លើក​មក​ប្រគេន ធ្វើ​ជា​មើល​មិន​ឃើញ ដាក់​ថាស​ទៅ​លើ​ក្បាល​លោក​គ្រូៗ​ស្រែក​ថា “អាផ្លូញ ! ហេតុ​ម្ដេច​ក៏​យក​ថាស​មក​ដាក់​លើ​ក្បាល​អញ ?” ។ សិស្ស​ទូ​ថា “ខ្ញុំ​ព្រះ​ករុណា​មើល​មិន​ឃើញ” ។ លោក​គ្រូ​ងាក​ចេញ​ អា​ផ្លូញ​ក៏​ដាក់​លើ​ក្បាល​គ្រូ​ទៀត ។ លោក​គ្រូ​ថា “អា​ឯង​ដាក់​ថាស​លើ​ក្បាល​អញ​ទៀត​ហើយ” ។ សិស្ស​ថា “ខ្ញុំ​ព្រះ​ករុណា​សូម​ទោស​ព្រោះ​មើល​មិន​ឃើញ” ។ លោក​គ្រូ​ជឿ​ថា​​ខ្លួន​រៀន​ស្នេហ៍ៗ​ពូកែ​ប្រាកដ ឥឡូវ​កុហក​វា​ថា តាំង​ពិធី​មន្ត​អាគម​បំបាំង​ខ្លួន​វិញ ក៏​ទៅ​ជា​ពូកែ​គេ​មើល​មិន​ឃើញ​ប្រាកដ​មែន គួរ​ទន្ទេញ​ឲ្យ​ចាំ​កុំ​ឲ្យ​ភ្លេច ។
អា​ផ្លូញ​លុះ​ប្រគេន​ចង្ហាន់​គ្រូៗ ឆាន់​រួច​ហើយ វា​លើក​មក​បរិភោគ​ខ្លួន​វា ។
ថ្ងៃ ​ក្រោយ​មាន​ឧបាសក​គេ​និមន្ត​លោក​គ្រូ​ទៅ​ឆាន់​ឯ​ផ្ទះ ។ អា​ផ្លូញ​ទូល​ថា “បើ​លោក​គ្រូ​និមន្ត​ទៅ​ឆាន់​ផ្ទះ​គេ កុំ​ស្លៀក​ស្បង់​ឲ្យ​ចាស់​ខូច​ឥត​អំពើ​ឃ្លុំ​តែ​ចីពរ​បាន​ហើយ គេ​មើល​មិន​ឃើញ​ទេ ត្បិត​លោក​គ្រូ​ចេះ​មន្ត​អាគម​បំបាំង​ខ្លួន​ពូកែ​ណាស់ អ្នក​ណា​នឹង​មើល​ឃើញ គ្រូ​ក៏​ជឿ​តាម​ពាក្យ​សិស្ស ។
លុះ​ព្រឹក​ឡើង​ លោក​គ្រូ​ប្រាប់​សិស្ស​ថា “ឯង​តាម​អញ​ទៅ​ឆាន់​ឯ​ផ្ទះ​ឧបាសក” រួច​លោក​ឃ្លុំ​តែ​ចីពរ​មិន​ស្លៀក​ស្បង់​ដោយ​គិត​ថា “ឃ្លុំ​តែ​ចីពរ​បាន​ហើយ ព្រោះ​មន្ត​អាគម​អញ​ពូកែ​ណាស់ នរណា​នឹង​មើល​កេរ្តិ៍​ខ្មាស់​ឃើញ” រួច​នាំ​កូន​សិស្ស​ទៅ ។
លុះ​ទៅ​ដល់​ឧបាសក​និមន្ត​ឡើង​លើ​ផ្ទះ​ហើយ គេ​លើក​ចង្ហាន់​មក ដើម្បី​ប្រគេន​លោក​ឆាន់ ដោយ​លោក​មិន​បាន​ស្លៀក​ស្បង់ អង្គុយ​មិន​ស្រួល​ងាក​ឆ្វេង​ងាក​ស្ដាំ​ក៏​លេច​កេរ្តិ៍​កណ្ដាល​វាល ។ ឧបាសក​ឃើញ​ដូច្នោះ​​គេ​ក៏​នាំ​គ្នា​សើច​ហ៊ោ​លាន់ ។ លោក​គ្រូ​ពុំ​ទាន់​ឆាន់​ចង្ហាន់​មាន​ចិត្ត​ខ្មាស់​គេ​ណាស់ ក៏​ចុះ​ពី​លើ​ផ្ទះ​ត្រឡប់​ទៅ​វត្ត​វិញ ជេរ​បន្ទោស​សិស្ស​ថា “អា​ឯង​មិន​ឲ្យ​អញ​ស្លៀក​ស្បង់ ឥឡូវ​ខ្មាស់​គេ​ណាស់” អា​ផ្លូញ​ទូល​ថា “លោក​គ្រូ​កុំ​ខ្ញាល់​និង​ខ្ញុំ​ព្រះ​ករុណា រឿង​នេះ​ប្រហែល​ជា​ខុស​ត្រណម​ទេ​ឬ ?” ។ លោក​គ្រូ​សួរ​ថា “ឯង​ឃើញ​អញ​ខុស​ត្រណម​ដូចម្ដេច ?” ។ អា​ផ្លូញ​សួរ​ថា “លោក​គ្រូ​និមន្ត​ទៅ​ឆាន់​ទៅ​តាម​ផ្លូវ​ណា ?” ។ លោក​គ្រូ​ប្រាប់​ថា “អញ​កាល​ទៅ​ចេញ​ផ្លូវ​កើត” ។ សិស្ស​ថា “ឪ ! ច្បាស់​ជា​លោក​គ្រូ​ខុស​ត្រណម​ហើយ” ។ ថ្ងៃ​មុន​លោក​គ្រូ​ប្រាប់​ខ្ញុំ​ព្រះ​ករុណា​ថា “បើ​រៀន​មន្ត​អាគម​ទាំង​ពួង​ត្រូវ​ឲ្យ​តម​ស៊ី​ផ្លែ​ស្ពឺ សូម្បី​តែ​មុជ​ក្រោម​ដើម​ស្ពឺ​ក៏​មិន​បាន វា​សាប​មន្ត​អាគម ឥឡូវ​លោក​គ្រូ​មុជ​ក្រោម​ដើម​ស្ពឺ​បាន​ជា​ខុស​ត្រណម សាប​អាគម​អស់ ហេតុ​នេះ​បាន​ជា​គេ​ឃើញ​កេរ្តិ៍​ខ្មាស់​លោក​គ្រូ” ។ លោក​គ្រូ​បាន​ស្ដាប់​ដូច្នោះ​ហើយ ក៏​ថា “ឪ ! អា​ផ្លូញ​អញ​ភ្លេច​តម​បាន​ជា​យ៉ាង​ហ្នឹង ឯង​ថា​នោះ​ពិត​ប្រាកដ​ហើយ” ។ លោក​គ្រូ​នោះ​ដោយ​ឆោត​ល្ងង់​ក៏​ជឿ​ជាក់​ឥត​សង្ស័យ ។ តាំង​ពី​នោះ​មក​អា​ផ្លូញ​ជា​សិស្ស​នៅ​បម្រើ​គ្រូ​ដោយ​សុខ​សប្បាយ ។
ស្លូតស្លាប់ វៀចវេមានភ័ព្វ អាយុយឺនយូរ

រឿងគោញី

រឿងគោញី

              មាន​និយាយ​ថា កាល​ណោះ​មាន​ស្ដេច ១​អង្គ​មាន​គោ​ញី​១ ដែល​ទ្រង់​ស្រឡាញ់​អស់​ពី​ព្រះ​រាជ​ហឫទ័យ នោះ​ព្រះ​ករុណា​ទ្រង់​ជ្រាប​ថា នឹង​ចិញ្ចឹម​គោ​ញី​នោះ​ឲ្យ​បាន​ល្អ គួរ​ផ្ញើ​នឹង​អ្នក​ស្រែ​ស្រុក​ក្រៅ នៅ​ទីណា​ដែល​មាន​ស្មៅ​ច្រើន​ល្អ ឲ្យ​គោ​នោះ​វា​បាន​ស៊ី​ឆ្អែត​ផង ទ្រង់​ព្រះ​ចិន្ដា​ដូច្នេះ​ហើយ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ចៅហ្វាយ​ស្រុក​១​នាក់​ឈ្មោះ​អ៊ុក មាន​ងារ​នៅ​ខែត្រ​ដែល​មាន​វាល​ធំ​ល្អ​មក​ទទួល​គោ​ញី​នោះ​នាំ​ទៅ​ឃ្វាល​ឯ​ស្រុក​ស្រែ ចៅហ្វាយ​ស្រុក​ចូល​មក​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ដ្បិត​អញ​ផ្ញើ​មេ​គោ​អញ ១ នេះ​ឲ្យ​រាស្រ្ត​ខែត្រ​ចៅហ្វាយ​ស្រុក​ឯង​ឃ្វាល​រក្សា តែ​សត្វ​នេះ​យ៉ាង​ល្អ​ចំឡែក​ប្លែក ហើយ​អញ​ស្រឡាញ់​ណាស់​ផង ដូច្នេះ​ឲ្យ​គេ​ចិញ្ចឹម​ថែទាំ​ឲ្យ​ល្អ ឲ្យ​ប្រយ័ត្ន​បើ​មាន​ឈ្មោះ​ណា​១​មក​ប្រាប់​ថា​មេ​គោ​អញ​នោះ​វា​ស្លាប់ អញ​នឹង​កាប់​ក្បាល​អា​នោះ​ឥត​ឡើយ ឮ​ដូច្នេះ​ហើយ​ចៅងឮហ្វាយ​ស្រុក​ក្រាប​ទូល​ទទួល​ថា ព្រះ​ករុណា​វិសេស ហើយ​នាំ​គោ​ញី​នោះ​ចេញ​ទៅ​ខែត្រ​វិញ មក​ដល់​ហើយ​ចៅហ្វាយ​ស្រុក​ប្រមូល​អស់ នាហ្មឺន មេ​ស្រុក ជំទព់​រាស្ត្រ​ទាំង​អស់​ផ្ដាំ​ថា គោ​ញី ១ នេះ​របស់​លួង​ជាអំម្ចាស់ ទ្រង់​បាន​ផ្ញើ​ឲ្យ​យើង​ឃ្វាល​រក្សា​ថែទាំ​ឲ្យ​ស្រួល​សប្បាយ​ត​ទៅ​មុខ សេចក្ដី​នេះ​ឲ្យ​នាហ្មឺន​ក្រម្ការ រាស្រ្ត យក​ចិត្ត​ទុក​ចិត្ត​ជួយ​ទាំង​អស់​គ្នា ឲ្យ​មេគោ​នេះ​ចំរើន​កុំ​ខាន​ឡើយ តែ​មិន​ឈឺ​ឆ្អាល​រក្សា​ទេ​ឲ្យ​ទៅ​ជា​ស្លាប់​នោះ ព្រះ​ករុណា​នឹង​ឲ្យ​កាប់​ក្បាល​យើង​ទាំង​អស់​គ្មាន​ប្រណី​ឡើយ ។ នោះ​នាហ្មឺន​ក៏​រក​រើស​ភូមិ​ណា​ដែរ​មាន​ស្មៅ​ច្រើន​ល្អ​យ៉ាង​ឯក​ឲ្យ​រាស្រ្ត​ភូមិ​នោះ យក​មេ​គោ​របស់​លួង​ទៅ​ឃ្វាល​ឲ្យ​សំខាន់ ឯ​រាស្រ្ត​ក៏​ចេះ​តែ​ខំ​ប្រឹង​យក​ចំណី​ឲ្យ​មេ​គោ​នោះ​ស៊ី​តែ​រាល់​គ្នា សព្វ​ថ្ងៃ​វេលា​នោះ​មេ​គោ​នោះ​វា​ឡើង​ជា​ធាត់​ណាស់ ពុំ​ចេះ​ដើរ​រក​ស្មៅ​ស៊ី​ទេ ចាំ​តែ​ក្នុង​រោង​ឲ្យ​រាស្រ្ត​យក​អ្វី​ឲ្យ​វា​ស៊ី ក៏​រាស្រ្ត​ចេះ​តែ​យក​ចំណី​ជា​ច្រើន​ពេញ​កញ្ជើ​ការុង ជា​រាល់​វេលា យក​ស្មៅ​ខ្ចី​ខ្លះ សំណាប​ខ្លះ ទំពាំង​ឫស្សី​ខ្លះ ស្រូវ​ខ្លះ កួ​ពោត​ខ្ចី ៗ ខ្លះ ឯ​គោ​នោះ​វា​ស៊ី​ក្រៃ​ពេក ទាល់​តែ​ស្លាប់​ទៅ​ដោយ​តែ​វា​ស៊ី​ហួស ឃើញ​ដូច្នេះ​រាស្រ្ត​តូច​ចិត្ត ទៅ​ប្ដឹង​ជំទព់ ៗ រត់​ទាំង​ខ្លាច​ទៅ​ប្ដឹង​មេ​ស្រុក ៗ ភ័យ​ណាស់​ពុំ​ហ៊ាន​ទៅ​ជំរាប​លោក​ចៅហ្វាយ ទៅ​ប្ដឹង​ត្រឹម​ស្មៀន ៗ ភ័យ​ពន្លឹក​ទៅ​ជំរាប​បាឡាត់ ៗ ឮ​តាម​សេចក្ដី​ក៏​ញ័រ​ទាំង​ដៃ​ទាំង​ជើង ចូល​ទៅ​ឯ​លោក​ចៅហ្វាយ ៗ ឃើញ​បាឡាត់​ដូច្នេះ​ក៏​សួរ​ថា កើត​គ្រោះ​អ្វី​ក៏​លោក​បាឡាត់​ញ័រ​ទាំង​ដៃ​ទាំង​ជើង​យ៉ាង​ម្ល៉េះ នោះ​បាឡាត់​ឆ្លើយ​ទៅ​វិញ​ថា ខ្ញុំ​ប្របាទ​ពុំ​ហ៊ាន​និយាយ​ទេ ឯ​ចៅហ្វាយ​ប្រាប់​ថា​មិន​ឥ​ទេ ឲ្យ​លោក​បាឡាត់​និយាយ​ចុះ នោះ​បាឡាត់​និយាយា​ថា សូម​មេត្តា​ប្រោស ដ្បិត​មេ​គោ​ព្រះ​ករុណា​វា​ស្លាប់​ទៅ​ហើយ ឮ​ដូច្នេះ​ចៅហ្វាយ​ស្រុក​ក៏​ស្លុត​ញ័រ​សព្វ​សាច់ ស្រែក​ថា ខ្ញុំ​អើយ​ម្ដង​នេះ​ឃើញ​ជា​ផុត​ជីវិត​ហើយ ដ្បិត​លួង​ជា​ម្ចាស់​ជីវិត​មាន​ព្រះ​បន្ទូល​ផ្ដាំ​ថា បើ​នរណា​ទៅ​ទូល​ថា​មេគោ​នោះ​ស្លាប់ នឹង​ឲ្យ​កាប់​ក្បាល យី​ខ្ញុំ​ពុំ​ព្រម​ទៅ​ថ្វាយ​បង្គំ​ក្រាប​ទូល​តាម​ដំណើរ​ទេ ឲ្យ​លោក​បាឡាត់​ទៅ​ចុះ ឯ​បាឡាត់​ប្រកែក ឯ​ការ​ដែល​ចូល​ទៅ​ក្រាប​ទូល​ព្រះ​ករុណា​ក្នុង​វេលា​នេះ ជា​ក្រសួង​របស់​ចៅហ្វាយ​ស្រុក ពុំ​គួរ​ប្រើ​នាហ្មឺន​ណា​ទៅ​ជួស​ឡើយ ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យូរ​ខ្លាំង​ណាស់ ។ កាល​ណោះ​ជួន​ជា​កូន​ក្រមុំ​ចៅហ្វាយ​ស្រុក​ដើរ​លេង​ក្នុង​ច្បារ​ជិត​ខាង​សាលា​ខែត្រ ឮ​ចៅហ្វាយ​ស្រុក​ជា​អាពុក​ក្សឹក​ក្សួល​ដូច្នេះ ក៏​នាង​ឡើង​ទៅ​លើ​សាលា​សួរ​ថា ឪ​អើយ​មាន​ការ​អ្វី​ឲ្យ​បារមណ៍​ចិត្ត​ម្ល៉េះ នោះ​ចៅហ្វាយ​ស្រុក​ប្រាប់​មក​វិញ​ថា កូន្នើយ​អាពុក​មាន​សេចក្ដី​វេទនា​ណាស់ ដ្បិត​គោ​ញី​របស់​លួង​វា​ស្លាប់​ទៅ​ហើយ ឯ​ព្រះ​ករុណា​បាន​ផ្ដាំ​ថា បើ​អ្នក​ណា​ចូល​ទៅ​ក្រាប​ទូល​ថា​មេគោ​នោះ​ស្លាប់ ព្រះ​ករុណា​នឹង​កាប់​ក្បាល​អ្នក​នោះ​ឥត​ប្រណី ហេតុ​នេះ​បាន​ជា​អាពុក​មាន​ធុរៈ​ជា​ខ្លាំង​ណាស់ ពុំ​ព្រម​ចូល​ចូល​ទៅ​ក្រាប​ទូល​តាម​សេចក្ដី​ទេ ឮ​ដូច្នេះ​ហើយ​នាង​ឆ្លើយ​មក​វិញ​ថា កុំ​ឲ្យ​អាពុក​ព្រួយ​ចិត្ត បើ​ឪ​ពុំ​ហ៊ាន​ទៅ​មិន​ឥ​ទេ ខ្ញុំ​សូម​ទៅ​ជួស ចៅហ្វាយ​ស្រុក​ឃាត់ ពុំ​ព្រម​ឲ្យ​នាង​ទៅ ក្រែង​ស្ដេច​កាប់​ក្បាល​នាង​តាម​ព្រះ​បន្ទូល ឯ​ចៅហ្វាយ​ឃាត់​យ៉ាង​ណា​ក៏​នាង​ក៏​ព្រម​ស្ដាប់ ចេះ​តែ​អង្វរ​ឲ្យ​អាពុក​បើក​ច្បាប់​ឲ្យ​ទៅ ដល់​ចៅហ្វាយ​ទាល់​គំនិត​បើក​កូន​ទៅ​តាម​ប្រាថ្នា​ចិត្ត​ទៅ នោះ​នាង​រៀប​ដំណើរ​ស្លៀក​សំពត់​ហូល​ល្អ បង់​ក​កំាម៉ា​ព្រែ​យ៉ាង​ល្អ ចូល​ទៅ​គាល់​នៅ​អង្គុយ​ស្ងៀម​នឹង​គេ នោះ​ស្ដេច​ទត​ឃើញ​នាង​ក្រមុំ​នោះ​មាន​រូប​ល្អ​ណាស់​មាន​ព្រះ​បន្ទូល​សួរ​ថា នាង​មក​ពី​ណា​អញ​ពុំ​ដែល​ស្គាល់​មុខ​សោះ នោះ​នាង​ក្រាប​ទូល​ថា ពរ​ម្ចាស់​ខ្ញុំ​ម្ចាស់​មិន​មែន​នៅ ៗ ក្រុង​ទេ ខ្ញុំ​ម្ចាស់​នៅ​ស្រុក​ក្រៅ ខ្ញុំ​ម្ចាស់​ជា​កូន​ចៅហ្វាយ​ស្រុក​ឈ្មោះ អ៊ុក នោះ​ស្ដេច​មាន​ព្រះ​បន្ទូល​សួរ​ថា ចៅហ្វាយ​ស្រុក​អ៊ុក​ដែល​ចិញ្ចឹម​មេ​គោ​អញ​នោះ​ឬ​ឥ នាង​ក៏​ក្រាប​ក្រាប​ទូល​ថា​ពរ​ម្ចាស់ ខ្ញុំ​ម្ចាស់​ជា​កូន​ចៅហ្វាយ​ស្រុក​នេះ​ឯង នោះ​ព្រះ​ករុណា​ក៏​ទ្រង់​ព្រះ​សោមនស្ស​ណាស់ សួរ​ថា​ឯ​មេ​គោ​អញ​សព្វ​ថ្ងៃ​នេះ មេ​គោ​ព្រះ​ករុណា​វា​ពុំ​ចេះ​ផឹក​ទឹក​ទេ ស្ដេច​ឮ​ដូច្នេះ​ឆ្ងល់​ណាស់​សួរ​ទៀត​ថា វា​ស៊ី​ស្មៅ​ស្រួល​ទេ នោះ​នាង​ឆ្លើយ​ឡើង​វិញ វា​ពុំ​ចេះ​ស៊ី​ស្មៅ​ទេ ស្ដេច​សួរ​ថា បើ​ដូច្នេះ​មេ​គោ​អញ​វា​ធ្វើ​អ្វី នាង​ទូល​ថា​វា​ពុំ​ចេះ​បន្ទោរ​មូត្រ​ទេ នោះ​ស្ដេច​ក៏​ឆ្ងល់​រឹត​តែ​ខ្លាំង​ឡើង សួរ​ថា​អ្វី​ទៀត ឯ​នាង​ក្រាប​ទូល​ថា មេ​គោ​នោះ​វា​លែង​បន្ទោរ​ល្មក់​ផង ស្ដេច​ក៏​ស្រែក​ថា ណ្ហើយ​មេគោ​អញ​វា​ពុំ​ចេះ​ផឹក​ទឹក ពុំ​ចេះ​ស៊ី​ស្មៅ​លែង​នោម លែង​ជុស​អាចម៍ នោះ​ដូច​ជា​មេ​គោ​អញ​វា​ស្លាប់​ទៅ​ហើយ នាង​ក៏​ក្រាប​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​ករុណា​មាន​ព្រះ​បន្ទូល​ថា មេ​គោ​នោះ​វា​ស្លាប់​ហើយ ឯ​ខ្ញុំ​ម្ចាស់​មិន​បាន​ក្រាប​ទូល​ថា​ដូច្នេះ​សោះ ហេតុ​នេះ​មិន​មែន​ជា​ក្បាល​ខ្ញុំ​ម្ចាស់​ទេ​ដែល​គួរ​កាប់​នោះ ឮ​ដូច្នេះ​ហើយ​ស្ដេច​ក៏​ទ្រង់​ព្រះ​សំរួល​ពុំ​មាន​ខ្ញាល់​ឡើយ ទ្រង់​ព្រះ​រាជ​ទាន​រង្វាន់​ទៅ​នាង​វិញ​ផង ហើយ​មាន​ព្រះ​បន្ទូល​ត្រាស់​បង្គាប់​ឲ្យ​ទិម​ព្រះ​រាជ​រថ ១ នាំ​នាង​វិល​ទៅ​ផ្ទះ​វិញ ទ្រង់​អភ័យ​ទោស​ទាំង​អស់ ។

រឿងចោរចិត្ដជា

រឿងចោរចិត្ដជា

          រឿងចោរចិត្ដជា ជារឿងព្រេងនិទាន និយាយតៗគ្នា ដែលចាស់ៗខ្មែរខ្លះ តែងតែលើកមកនិទានកំប្លែងលេង ប្រាប់ដល់កូនចៅរបស់ខ្លូន ហើយអ្នកសិក្សាអក្សរសាស្រ្ដទាំងឡាយ​ក៏បានលើក​យក​រឿងនេះ មកធ្វើជាបទរៀនផងដែរ។ ក្នុងសាច់រឿង អ្នកនិពន្ធដូចជាចង់ប្រាប់អ្នកអានអោយឃើញថា ការរស់នៅ ប្រកបរបរចិញ្ចឹមជីវិត គេពុំចាំបាច់ធ្វើការសិក្សារៀនសូត្រ​អ្វីអោយច្រើននោះទេ យើងឃើញក្មេងកំព្រាឪពុកម្នាក់ ដែលមិនព្រមធ្វើការសិក្សារៀនសូត្រ ស្វែងរកចំនេះវិជ្ជាអ្វីទេគេជ្រើសយកមុខរបរជា «ចោរ» ដើរលួចទ្រព្យសម្បត្ដិអ្នកដទៃទៅវិញ។
ម្យ៉ាងវិញមួយទៀត យើងឃើញស្ដេចប្រើអំនាចផ្ដាច់ការ ក្នុងការជ្រើសរើស មន្រ្ដីរាជការអោយឡើងកាន់អំនាច ជាអ្នកធំជាអ្នកដឹកនាំគ្រប់គ្រងលើអានាប្រជារាស្រ្ដ ទ្រង់មិនចាំបាច់ រើសរកយក​អ្នករៀនសូត្រ អ្នកមានចំនេះវិជ្ជាចេះដឹង អ្នកមានសមត្ថភាពអីទេ របៀបជ្រើសរើស ស្ដេចត្រូវការប្រាក់ បើនរណាមានប្រាក់ច្រើន យកទៅដាក់បញ្ចូលក្នុងឃ្លាំងរបស់ស្ដេច អ្នកនោះនិង​បានឡើងជា​មន្រ្ដីធំ ធ្វើជាអ្នកគ្រប់គ្រង ធ្វើជាអ្នកដឹកនាំ បើទោះជាអ្នកនោះ គ្មានសមត្ថភាព ជាជនពុករលួយ ជាអ្នកបោកប្រាស់ ជាអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ ជាអ្នកដែលមានលុយកាក់ច្រើនដោយអំពើ​រកស៊ីខុសច្បាប់ រឺ ជាអ្នកគ្មានចំនេះចេះដឹងយ៉ាងណាក៏ដោយ ស្ដេចអិតត្រូវការការសមត្ថភាពនេះទេ គឺព្រះអង្គត្រូវការតែលុយប៉ុណ្ណោះ។
អានក្នុងសាច់រឿងបន្ដទៀត យើងឃើញអ្នកនិពន្ធបានបង្កប់ក្នុងសាច់រឿង នូវអបិយជំនឿមួយ ដែលសង្គមខ្មែរតែងតែ ជួបប្រទះ ហើយដែលការពិតវាហាក់ដូចជាស្រពិចស្រពិលគ្រប់កាលៈទេសៈ នោះគឺ ការបន់ស្រន់សុំអោយទេវតាប្រទាន មាស ប្រាក់ បុណ្យសក្ដិជាដើម ។ ក្នុងសាច់រឿង «ចោរចិត្ដជា» មន្រ្ដីម្នាក់ចង់ធ្វើជាចៅហ្វាយខេត្ដ បន់ស្រន់ព្រះ សំពះទេវតាសុំលុយ ៤០កហាបនៈ យកទៅសូកស្ដេច ចោរស្ដាប់លឺការបន់ស្រន់ ហើយមានចិត្ដមេត្ដា ក្លែងខ្លូនជាទេវតា វេចលុយចំនួន ៤០កហាបនៈ លបយកទៅដាក់អោយមន្រ្ដីនោះ តើនេះ ពិតជាទេវតា​ប្រោសប្រទានមែនរឺ.?…។
អំពើអយុត្ដិធម៌ ក្នុងរឿងចោរចិត្ដជាមួយទៀត គឺមន្រ្ដីរាជការ ប្រើអំនាចរបស់ខ្លួន ដោះលែងចោរ ដោយគ្មានការជំនំជំរះរកហេតុផលខុសត្រូវអ្វីទាំងអស់ ចោរជាបក្សពួករបស់ខ្លួនជាកូនចៅ ជាអ្នក​ដែលខ្លួនស្គាល់ ទោះដឹងថា ជាចោរពិតប្រាកដហើយក្ដី ក៏ជនជាប់ចោទ អាចគេចផុតពីសំនាញ់ច្បាប់បាន ម៉្លោះហើយភាពអិតមានទោស ក្លាយជាអំពើអយុត្ដិធម៌ ហើយវាជាដំបៅមហារីក​ដ៏មហាសែនរាំរៃ ស៊ីរូងនៅក្នុងសង្គមមនុស្សអោយឈឺផ្សាគ្រប់ទិវារាត្រី។
ចោរចិត្ដជា ជាចោរដែលមានចិត្ដជាទេវតា ក្លែងខ្លួនជាទេវតា មានចិត្ដអានិត ហ៊ានចំនាយទ្រព្យសម្បត្ដិ លុយកាក់របស់ខ្លួនធ្វើប្រយោជន៍អោយដល់អ្នកដទៃ។ ការយល់ដឹងឧបកា្ករៈគុណដល់បុគ្គល​ដែលធ្វើប្រយោជន៍ដល់ខ្លួន ទោះជាបុគ្គលនោះតូចថោកទាបយ៉ាងណាក្ដី ក៏មិនបោះបង់ចោល។ គតិបណ្ឌិតទាំងពីរខាងលើ បើស្ថិតនៅលើបុគ្គលណានិមួយ បុគ្គលនោះរមែងបាន​ប្រកបដោយ​សេចក្ដីសុខចំរើននិច្ច។ ដូច្នេះ មនុស្សត្រូវប្រើ សតិបញ្ញាស្មារតីរបស់ខ្លួន ពិចារណាគ្រប់ហេតុផល ទៅលើអបិយជំនឿទាំងឡាយ មានខ្មោចព្រាយបីសាច រឺ ទេវតាជាដើម​ថាជាអ្នកជួយខ្លូនអោយរួច​ពីទុក្ខភ័យ ដែលវាគឺជាជំនឿមួយ ទំនាស់នឹងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាទៀតផង។ បុរសក្រីក្រពីរនាក់ប្ដីប្រពន្ធ ក្នុងរឿងចោរចិត្ដជា បោះបង់ជំនឿរបស់ខ្លួនទៅលើទេវតា ហើយបែរ​មកជឿតាមពាក្យរបស់ចោរ ដែលខ្លួនកំពុងចាប់ដាក់គុកច្រវាក់ទៅវិញ ថាជាអ្នកផ្ដល់លុយកាក់ដល់ខ្លួនធ្វើអោយខ្លួនបានក្លាយជាចៅហ្វាយស្រុក។ ដោយជំនឿ និង សេចក្ដីដឹងគុណដ៏ជ្រាលជ្រៅ បុរសនោះហ៊ានដោះលែងចោរនោះអោយមានសេរីភាពឡើងវិញ ទាំងខុសច្បាប់ទៀតផង។

រឿងចៅផ្កាប់ត្រឡោក

រឿងចៅផ្កាប់ត្រឡោក

           កាល​ពី​ព្រេង​នាយ មាន​សេដ្ឋី​ប្តី​ប្រពន្ធ មាន​កូន​ក្រមុំ​មួយ​នាក់ រូម​ឆោម​ល្អ​ណាស់ ។ ពួក​កម្លោះៗ​ជា​ច្រើន ស្ម័គ្រ​ចិត្ត​ស្រឡាញ់ បាន​ប្រាប់​មាតា​បិតា​ឲ្យ​ចូល​ទៅ​ដណ្តឹក​កូន​ក្រមុំ​មហាសេដ្ឋីៗ​នោះ ក៏​ព្រម​ឲ្យ ឥត​ប្រកែក តែ​មាន​ធ្វើ​ខ​សន្យា​ថា «បើ​កម្លោះ​ឈ្មោះ​ណា​ចង់​បាន ត្រូវ​សង់​ផ្ទះ ៥ ល្វែង​តែ​មួយ​ថ្ងៃ​ឲ្យ​ហើយ, បើ​ធ្វើ​មិន​ហើយ សេដ្ឋី​នោះ​ផ្តាច់​មិន​ឲ្យ​កូន​ក្រមុំ​ទេ» ។ កម្លោះ​ដទៃៗ ប៉ុន្មានៗ ខូច​ខាត​ជមនួន​ជា​ច្រើន​នាក់ ដោយ​ធ្វើ​ផ្ទះ​មួយ​ថ្ងៃ​មិន​ហើយ សេដ្ឋិ​ក៏​ផ្តាច់​ មិន​ឲ្យ​កូន​ក្រមុំ ។ ខណៈ​នោះ មាន​កម្លោះ​ម្នាក់ ជា​អ្នក​មាន​គំនិត មាន​ឧបាយ​កល​ប្រាជ្ញា ឈ្មោះ​ថា «ចៅ​ផ្កាប់​ត្រឡោក» ជា​កូន​អ្នក​មាន​គ្រាន់​បើ បាន​សុំ​ប្រាក់​មាតា​បិតា​យក​ទៅ​ទី​ឈើ លប​ធ្វើ​ផ្ទះ​ប្រុង​ប្រៀប​គ្រប់​ប្រដាប់​ជា​ស្រេច រួច​កោស​រូស​ខាត់​ត្រឡោក​១​យ៉ាង​ស្អាត ហើយ​ប្រាប់​មាតា​បិតា​ ឲ្យ​ទៅ​ដណ្តឹង​កូន​ក្រមុំ​មហាសេដ្ឋី​នោះ ។ ឯមាតា​បិតា​ក៏​ទិញ​ផ្លែ​ឈើ មើល​ឈើ បាន​ច្រើន​តុ ហើយ​ពឹង​ញាតិ​សន្តាន ឲ្យ​ជួយ​កាន់​ជំនួន​នោះ ទៅ​ដល់​ផ្តះ មហាសេដ្ឋី​លើក​ដៃ​ជម្រាប​ថា «ខ្ញុំ​បាទ នាង​ខ្ញុំ មក​សូម​ដណ្តឹង​កូន​ក្រមុំ​លោក ផ្សំ​ផ្គុំ​នឹង​កូន​ប្រុស​កម្លោះ​ខ្ញុំ​បាទ, នាង​ខ្ញុំ ទោះ​បី​ខុស​ត្រូវ សូម​លោក​មហាសេដ្ឋី​អភ័យ​ទៅស សូម​ឲ្យ​បាន​ជា​សាច់​សន្តាន ស្ពាន​មេត្រី​រៀង​ទៅ» ។ សេដ្ឋី​ទាំង​ប្តី​ប្រពន្ធ​ស្តាប់​ហើយ​ឆ្លើយ​ថា «យើង​ឥត​ប្រកែក​ថា​អ្វី​ទេ​អ្នក! តែ​ថា ថ្ងៃ​ស្អែក​នេះ​អ្នក​ធ្វើ​ផ្ទះ​ ៥ ល្វែង​ឲ្យ​ហើយ​ស្រេច ទើប​បើ​ធ្វើ​មិន​ហើយ​យើង​និង​ផ្តាច់ មិន​ឲ្យ​កូន​ក្រមុំ​ទេ» ។ មាតា​បិតា​ចៅ​ផ្កាប់​ត្រឡោក​ឮ​ហើយ ជម្រាប​ថា «បើ​កូន​ខ្ញុំ​ធ្វើ​ផ្ទះ​ថ្ងៃ​ស្អែក​នេះ​មិន​ហើយ​ស្រេច​ទេ សូម​លោក​សេដ្ឋី​ផ្តាច់​កូន​ក្រមុំ​លោក​ចុះ ជំនួន​ប៉ុន្មាន​តុ​នេះ ខ្ញុំ​បាទ​នាង​ខ្ញុំ​ក៏​សុខ​ចិត្ត​ជូន​លោក​ទាំង​អស់ ឥត​គិត​យក​ថ្លៃ​ពី​លោក​ឡើយ» ហើយ​ជូន​ជំនួន​ទាំង​អស់​ទៅ​សេដ្ឋីៗ ក៏​ឲ្យ​ខ្ញុំ​កំដរ​លើក​ទៅ​ផ្ទេ​ទុក​ពេញ​មួយ​ល្វែង​ផ្ទះ ហើយ​យក​សំបក​តុ ថាស មក​ឲ្យ​វិញ ។ មាតា​បិតា​ចៅ​ផ្កាប់​ត្រឡោក ទទួល​តុ​ថាស​គ្រប់​ចំនួន​ហើយ ក៏​សំពះ​លា​មហាសេដ្ឋី​នាំ​គ្នា​ត្រឡប់​មក​ផ្ទះវិញ ។ ក្រោយ​នោះ មហាសេដ្ឋី​និង​ភរិយា​ នាំ​គ្នា​ទៅ​មើល​ជំនួន​នៅ​លើ​ផ្ទះ ឃើញ​សុទ្ធ​តែ​ផ្លែ​ឈើ​មាន​តម្លៃ​ប្លែកៗ ពី​ប្រទេស​ឆ្ងាយ​ខ្លះ នៅ​ស្រុក​អាយ​ខ្លះ សេដ្ឋី​ក៏​ញញឹម​ញាក់​មុខ​ដាក់​ប្រពន្ធ​ថា «ជំនួន​នេះ យើង​មុខ​ជា​បាន​ស៊ី​ទទេ​ទៀត​ហើយ» ។ ចំណែក​មាតា​បិតា​ចៅ​ផ្កាប់​ត្រឡោក ទៅ​ដល់​ផ្ទះ​ក៏​និយាយ​ប្រាប់​កូន​ថា «សេដ្ឋី​ព្រម​ឲ្យ​ហើយ» តែ​គេ​ថា «ឲ្យ​កូន​ធ្វើ​ផ្ទះ​តែ​ក្នុង​ថ្ងៃ​ស្អែក​នេះ ឲ្យ​ហើយ​ស្រេច» ។ ចៅ​ផ្កាប់​ត្រឡោក ឮ​មាតា​បិតា​និយាយ​ប្រាប់​ដូច្នោះ មាន​ចិត្ត​ត្រេក​អរ​ណាស់ ជម្រាប​មាតា​បិតា​ថា «លោក​ម៉ែ​លោក​ឪពុក​កុំ​ព្រួយ​បារម្ភ មុខ​ជា​បាន​ដូច​គំនិត ដែល​កូន​គិត​ទុក​ពី​ថ្ងៃ​មុខ» ហើយ​ចៅ​ផ្កាប់​ត្រឡោក ក៏​ទៅ​និយាយ​ពឹង​បង​ប្អូន​អ្នក​ចេះ​ការ​ជាង​ផ្ទះ​បាន​គ្នា​ច្រើន ឲ្យ​គេ​ជួយ​សង់​ផ្ទះ​តែ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ឲ្យ​ហើយ ។​ បង​ប្អូន​គេ​ជួយ​ទាំង​អស់​គ្នា ហើយ​ចៅ​ផ្កាប់​ត្រឡោក​ត្រឡប់​មក​ផ្ទះ ស្លៀក​ពាក់​តែង​ខ្លួន​ស្អាត​បាត ពឹង​កម្លោះ​ផង​គ្នា​ ឲ្យ​ជូន​ទៅ​ផ្ទះ​សេដ្ឋី​នោះ លុះ​ឡើង​ទៅ​ដល់​លើ​ផ្ទះ សេដ្ឋី​សួរ​ថា «ចៅ​ឯង​មក​មាន​ការ​អ្វី? » ចៅ​ផ្កាប់​ត្រឡោក​លុត​ជង្គង់​ប្រណម្យ​ជម្រាប​ថា «ម៉ែ​ឪពុក​បាទ​ប្រើ​ខ្ញុំ​បាទ​ជា​កូន ឲ្យ​មក​សូម​ក្រាប​ប្រណីប័ត្ត​លោក​ឪពុក​អ្នក​ម្តាយ សូម​ទាន​ប្រាប់​ទី​កន្លែង​ត្រង់​ណា​ ឲ្យ​ទាន​ខ្ញុំ​បាទ​នឹង​សង់​ផ្ទះ ខ្ញុំ​បាទ​នឹង​អាល​ទៅ​ចាត់​ការ​ធ្វើ​ក្រែង​មិន​ហើយ ជូន​លោក​ឪពុក​លោក​ម្តាយ ក្នុង​វេលា​ថ្ងៃ​ស្អែក​នេះ » ។ សេដ្ឋី​ទាំង​ប្តី​ប្រពន្ធ គន់​មើល​រូប​ឫក​ពា​ចៅ​ផ្កាប់​ក្រឡោក នឹក​សសើរ​ក្នុង​ចិត្ត​ថា «កូន​ប្រសារ​អញ​គ្រាន់​បើ​ដែរ តែ​មុខ​ជា​ខូត​ខាត​ជំនួន​ដូច​អ្នក​មុនៗ ទៀត​ហើយ» ហើយ​សេដ្ឋី​ប្រាប់​ទី​កន្លែង​ឲ្យ​សង់នៅ​ខាង​ជើង ឆ្ងាយ​ពី​ផ្ទះ​ធំ ចំនួន ៥ ព្យាម ។ ចៅ​ផ្កាប់​ត្រឡោក​បាន​ឮ​សេដ្ឋី​ប្រាប់​ហើយ ក៏​ប្រាប​សំពោះ​លា នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ទៅ​ដល់​ប្រមូល​បង​ប្អូន​ជួប​ជុំ​យក​គ្រឿង​ផ្ទះ ដែល​ធ្ងន់ៗ ផ្ទុក​រទេះ​ស្រេច​ពី​យប់ របស់​ណា​ល្ម​លី​សែង ក៏​ចាត់​ចែង​ផ្គូ​ផ្គង​ដាក់​មុខ​គ្នា​ស្រេច ។ លុះ​ព្រឹក​ឡើង ខ្លះ​ដឹក​នឹង​រទេះ ខ្លះ​លី​សែង ទៅ​ដល់​ផ្ទះ​សេដ្ឋី ខ្លះ​កាប់​ដី ខ្លះ​ជីក​រណ្តៅ​សសរ តាម​ខ្នាត់​ទំហំ​ផ្ទះ ៥ ល្វែង ខំ​ធ្វើ​ស្រុះ​គ្នា​មិន​ឈប់​ ឈប់​តែ​ពេល​បរិភោគ​ បាយ បរិភោគ​បាយ​រួច​នាំ​គ្នា​ធ្វើ​ទៀត ទាល់​តែ​ហើយ​ស្រេច​ក្នុង​វេលា​ថ្ងៃ​នោះ រួច​ចៅ​ផ្កាប់​ត្រឡោក​ឡើង​ទៅ​លុត​ជង្គង់​សំពេះ​ជូន​ផ្ទះ​មហាសេដ្ឋី​ជា​មាតា​បិតា​ក្មេក ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លុះ​ដល់​ថ្ងៃ​ខែ បាន​ឫក្ស​ល្អ មាតា​បិតា​ទាំង​ពីរ​ខាង ក៏​រៀប​វិវាហមង្គល​ការ​កូន​រួច​ស្រេច ។ ឯចៅ​ផ្កាប់​ត្រឡោក លាក់​តែ​ត្រឡោក​នោះ​ មិន​ឲ្យ​នរណា​ឃើញ​សោះ ដល់​ពេល​យប់​រៀប​ផ្សំ​ដំណេក​រួច​ហើយ ក៏​ដេក​ក្នុង​ផ្ទះ​ជា​មួយ​គ្នា ។ ចៅ​ផ្កាប់​ត្រឡោក យក​ត្រឡោក​នោះ ទៅ​ផ្កាប់​គ្រប​ពី​លើ​ស្វាស២រួច​ស្លៀក​សំពត់ចង​ក្បិន​ប្រយ័ត្ន​មិន​ឲ្យ​ត្រឡោក​ធ្លាក់​បាន ហើយ​ដេក​ឃ្លាត​ពី​ភរិយា ធ្វើ​កិរិយា​សម្ងំ​មិន​បាន​ពាល់​ដល់​ចុង​ដៃ​ជើង​ភរិយា​នោះ​ឡើយ ប្រើ​ឧបាយ​យ៉ាង​នេះ អត់​ធន់​បាន​ ៣ យប់ ។ យប់​ក្រោយ​ទៀត​នាង​ភរិយា​នោះ រសាប់​រសល់​ខ្វល់​ចិត្ត​គិត​សង្ស័យ​ថា «ប្តី​អញ​នេះ ដេក​ជា​មួយ​គ្នា​យូរ​យប់​ហើយ គាត់​ធ្វើ​ព្រងើយ​កន្តើយ ហាក់​ដូច​ជា​គ្មាន​ត្រូវ​ការ​នឹង​អញ​សោះ ជា​គាត់​ខ្ទើយ​រ​ក្ស័យ​លិង្គ?» គិត​ក្នុង​ចិត្ត​ដូច្នោះ​ហើយ ក៏​ចង់​ដឹង​ប្រថុយ​លប​លូក​ស្ទាប​មើល​ឲ្យ​ច្បាស់ ។ ចៅ​ផ្កាប់​ត្រឡោក​ដេក​ពុំ​លក់​ទេ តែ​ធ្វើ​ជា​ស្រមុក​ខុលៗ ។ នាង​ប្រពន្ធ​នោះ លូក​ដៃ​ស្ទាប​ត្រង់​ស្វាសនោះ ពាន​ទៅ​លើ​ត្រឡោក​ផ្កាប់​រលីង​ណិល ដក​ដៃ​មក​វិញ​គិត​ថា​«ប្តី​អញ​នេះ នឹង​ថា ខ្ទើយ​ឫក្ស័យ​លិង្គ​ក៏​មិន​មែន សណ្ឋាន​ហាក់​ដូច​ជា​ភេទ​ស្រី​តែ ពោះ​គ្មាន​ប្រឡាយ មុខ​គួរ​ឲ្យ​ឆ្ងល់​ណាស់!» ។ លុះ​ព្រឹក​ឡើង ខ្សឹប​ប្រាប់​ម្តាយ តាម​ដំណើរ​ ដែល​លប​ស្ទាប​ប្តី​សព្វ​គ្រប់ ។ ម្តាយ​ឮ​ហើយ ដក​ដង្ហើម​ធំ​ថា «ឱកូន​ងញ​អើយ! បាន​ប្តី​អ្វី​ក៏​មិន​ដូច​បុរស​ទាំង​ពួង ហើយ​នឹក​បន្ទោស​កូន​ប្រសា​ប្រុស​នោះ​ថា «បើ​វា​គ្មាន​ប្រដាប់​ដូច​ប្រុស​ទាំង​ពួង​ទេ ហេតុ​ម្តេច​ក៏​ស្រឡាញ់​កូន​អញ​ម្ល៉េះ?» គិត​ហើយ ក៏​ប្រាប់​សេដ្ឋី​ថា​ជា​ប្តី​តាម​ដំណើរ​កូន​ស្រី​ប្រាប់​សព្វ​គ្រប់ ។ សេដ្ឋី​ស្តាប់​ហើយ​គិត​ថា «បើ​អញ​និយាយ​ខ្លាំង ខ្មាស​អ្នក​ជិត​ខាង» ហើយ​និយាយ​ខ្សឹប​ខ្សៀវ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ថា «កូន​ប្រសា​យើង​នេះ វា​គ្រាន់​បើ​ដែរ ណ្ហើយ​គេហ៍​អើយ! អាណិត​វា ឲ្យ​ប្រាក់​ភស្តុភា​បណ្ណាការ​និង​ថ្លៃ​ផ្ទះ មួយ​ពាន់ប្រាំ​រយ​ណែន​ទៅ​វា ហើយ​ប្រាប់​វា​ ឲ្យ​ទៅ​នៅ​ម៉ែ​ឪ​វា​វិញ​ចុះ» គិត​ព្រម​គ្នា​ហើយ​ហៅ​កូន​ប្រសា​ថា «ជី​ឯង​មក​នេះ» ។ ចៅ​ផ្កាប់​ត្រឡោក​ឮ​សេដ្ឋី​ឪពុក​ក្មេក​ហៅ​ខ្លួន​ហើយ ក៏​ទៅ​អង្គុយ​ជិត​សំពះ​សេដ្ឋីៗ ប្រាប់​ថា «ឯង ហាក់​ដូច​ជា​មិន​ស្រឡាញ់​កូន​អញ​សោះ! ណ្ហើយ​ចុះ អញ​ឲ្យ​ប្រាក់​មួយ​ពាន់​ប្រាំ​រយ​ណែន ឯង​យក​ទៅ​ផ្ទះ​ឪពុក​ម្តាយ​ឯង​វិញ​ចុះ» រួច​ក៏​រាប់​ប្រាក់​ប្រគល់​ឲ្យ​គ្រប់​ចំនួន។​ ចៅ​ផ្កាប់​ត្រឡោក​ទទួល​យក​ប្រាក់​ហើយ​ជម្រាប​ថា «លោក​ឪពុក! ខ្ញុំ​បាទ​សុំ​ហិប​ធំ១ ដាក់​ប្រាក់​យក​ទៅ​ឲ្យ​ដល់​ផ្ទះ​ខ្ញុំ​បាទ​ផង» ។ សេដ្ឋី​ក៏​ឲ្យ​ហឹប​ដាក់​ប្រាក់ ចាត់​បាវ​ព្រាវ​ឲ្យ​សែង​តាម​ចៅ​ផ្កាប់​ត្រឡោក​ទៅ​ដល់​ផ្ទះ ហើយ​ជូន​ប្រាក់​មួយ​ពាន់​ប្រាំ​រយ​ណែន​នៅ​ក្នុង​ហិប​ទៅ​មាតា​បិតា ជម្រាប់​រឿង​សព្វ​ប្រាប់ ក៏​ត្រឡប់​មក​ផ្ទះ​សេដ្ឋី​វិញ ។ លុះ​ដល់​ហើយ ចៅ​ផ្កាប់​ត្រឡោក ធ្វើ​ឫក​កិរិយា​សញ្ជប់​សញ្ជឹង ហាក់​ដូច​ជា​រឭក​អាល័យ​សេដ្ឋី​និង​ភរិយា​នោះ​ពន់​ពេក ។ សេដ្ឋី​ឃើញ​ហើយ​សួរ​ថា «ឯង! អញ​ឲ្យ​ប្រាក់​ទៅ​នៅ​ផ្ទះ​ម៉ែ​ឪឯង​វិញ​ហើយ ហេតុ​ម្តេច​ក៏​មិន​ទៅ?» ។ ចៅ​ផ្កាប់​ត្រឡោក​ឆ្លើយ​ជម្រាប​សេដ្ឋីថា «ខ្ញុំ​បាទ​រឭក​អាល័យ​លោក​ម៉ែ​លោក​ឪពុក​និង​នាង​ជា​ភរិយា​ខ្លាំង​ណាស់ សុំ​នៅ​ទទួល​ទាន​ដំណេក​តែ​មួយ​យប់​នេះ​ទៀត​ព្រឹក​ឡើង​ខ្ញុំ​បាទ​សូម​ប្រណិប័ត​លា​ទៅ​ផ្ទះ​វិញ» ។ សេដ្ឋី​ប្តី​ប្រពន្ធ​និយាយ​គ្នា​ថា «យើង​ឲ្យ​វា​ដេក​មួយ​យប់​ទៀត ចុះ​វា​មិន​ទាន់​ជា​អ្វី​ទេ ដូច​ជា​ដេក​ជា​មួយ​នឹង​ប្រុស​ផង​គ្នា» ។ លុះ​ពេល​យប់​បរិភោគ​បាយ​រួច ចៅ​ផ្កាប់​ត្រឡោក​ក៏​ចូល​ទៅ​ដេក​ជា​មួយ​នឹង​ភរិយា ត្រឡោក​នៅ​ផ្កាប់​ដដែល, ដល់​យប់​ចៅ​នាង​ភរិយា​គិត​ថា «យប់​ស្អែក​នេះ ប្តី​អញ​ទៅ​នៅ​ផ្ទះ​គាត់​វិញ​ហើយ, អញ​ចង់​ស្ទាប​សង្កេត​ឲ្យ​ច្បាស់» ។ ឯចៅ​ផ្កាប់​ត្រឡោក​ដេក​ផ្ងារ​ដេក​ពុំ​លក់ ព្រោះ​កើត​តម្រេក​ខ្លាំង ដូច​ជា​គេ​ទូល​ត្រឡោក ។ នាង​ភរិយា​នោះ លូក​ដៃ​ទៅ​ប៉ះ​ត្រឡោកៗ ធ្លាក់​ឮ​សូរ​តែ​ខ្វស់ ។ ចៅ​ផ្កាប់​ត្រឡោក​ងាក​ផាំង ចូល​ទៅ​រួម​រស​នឹង​នាង​ភរិយា​នោះ​ដោយ​កម្លាំង​ដ៏​ខ្លាំង​ក្លា ។ លុះ​ព្រឹក​ឡើង នាង​នោះ​និយាយ​ជម្រាប​ម្តាយ«ម៉ែ​អើយ!បើ​ប្តី​ខ្ញុំ​លា​ទៅ​ផ្ទះ​វិញ សូម​ម៉ែ​អាណិត​កូន ឃាត់​កុំ​ឲ្យ​គាត់​ទៅ» ។ មាតា​សង្ស័យ​ណាស់​សួរ​កូនៗ​ និយាយ​ខ្សឹម​ជម្រាប​មាតាថា​«ម៉ែ! ប្តី​ខ្ញុំ​គាត់​មាន​ប្រដាប់​ដូច​ប្រុស​ទាំង​ពួង មិន​មែន​ជា​ខ្ទើយ​ទេ» ។ ម្តាយដឹង​ចិត្ត​កូន​ក៏​ខ្សឹប​ជម្រាប​សេដ្ឋី​ជា​ប្តី​ដោយ​ស្ងាត់​ថា «កូន​យើង​ទាំង​ពីរ វា​ត្រូវ​ចិត្ត​វា​ហើយ» ។ សេដ្ឋី​ឮ​ភរិយា​និយាយ​ប្រាប់​រឿង​កូន​សព្វ​គ្រប់​ ក៏​តប​ថា «កាល​មុន ឯង​និយាយ​ប្រាប់​អញៗ ក៏​ជឿ​ថា​ពិត​មែន អញ​បាន​សង​ថ្លៃ​ភស្តុភា​បណ្ណាការ​និង​ថ្លៃ​ផ្ទះ មួយ​ពាន​ប្រាំ​រយ​ណែន ឲ្យ​ទៅ​វា ឥឡូវ​ថា​កូន​ប្រសា​យើង​មាន​ប្រដាប់​ដូច​បុរស​ទាំង​ពួង ណ្ហើយចុះ​គេហ៍​អើយ! បើ​ត្រូវ​ចិត្ត​គ្នា​វា​ហើយ ប្រាក់​ដែល​យើង​ ឲ្យ​កូន​ប្រសា​នោះ ដូច​ជា​ឲ្យ​ទៅ​កូន​យើង​ទេ ប្តី​ប្រពន្ធ​វា​មាន ក្រជា​ជា​មួយ​គ្នា​ចុះ​«ហើយ​សេដ្ឋី​ក៏​ស្ងៀម​ស្ងាត់​រាប់​អាន​ជា​កូន​ត​រៀង​ទៅ ។ លុះ​ដល់​សេដ្ឋី​ប្តី​និង​ភរិយា​ចាស់​ជរា ទទួល​មរណភាព​ទៅ​វេលា​ណា ស្តេច​ក្នុង​ព្រះ​នគរ​នោះ​ ទ្រង់​ព្រះ​មេត្តា​ប្រោស តាំង​ចៅ​ផ្កាប់​ត្រឡោក និង​ភរិយា​ឲ្យ​ធ្វើ​ជា​សេដ្ឋី​តាង​បិតា​លុះ​អស់​ជីវិត។​
ត្រឡាច​ម្តេច​មាន​បណ្តូល មនុស្ស​មួយ​ទាំង​មូល ណា​ក៏​គ្មាន​ប្រាជ្ញា

រឿងចចក

រឿងចចក 

កាលពីព្រេងនាយមានចចកត្រោសធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ី។លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយឃើញសុទ្ធតែភក់មានត្រីកំពឹស បង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថៃ្ងនេះអញមានលាភធំណាស់ជាលាភចំែឡកជាងសព្វថៃ្ង»។ឯកំពឹសមានប្រាជ្ញាលឺចចកថា​ដូចេ្នះហើយក៏និយាយលួងលោមចចកថា «យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុនែ្តយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងប្រឡាក់ភក់ ដូចេ្នះមិនធ្ងាញ់ពិសាទេ»។ចចកធ្លើយថា «ធើ្វដូចមេ្តចនឹងឆ្ងាញ់ពិសា?»កំពឹសថា «ត្រូវបងចចកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ីទើបឆ្ងាញ់ពិសា»។ចចកថា«ធើ្វដូចមេ្តចនឺងយកទៅលាងទឹកបានបើច្រើនដល់មេ្លះ?»កំពឹសថា «បងចចកកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងឯងបានស្រួលប៉ុនែ្តត្រូវបងឯងតាមខ្ញុំ»ចចកឆ្លើយថា «បងឯងធ្វើដូចមេ្តចក៏ខ្ញុំតាមទាំងអស់»
កំពឹសថា«បើដូចេ្នះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឺងបានតោងខាំរោមបងឯង​ បងនាំយើងទៅរកស្ទឹងបឹងបួរ ឯណាមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះ» ឯចចកជាសត្វល្មោភហើយល្ងង់ក៏ធ្វើតាមពាក្យកំពឹសកំពឹសនឹងត្រីបបួលគ្នាតោងរោមចចកទៅ។ លុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រី និងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថា«បងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសិមមកស៊ីឲ្យឆែ្អតតែម្តង យើងនៅចាំបងនៅទីនេះ»។ចចកក៏ទៅជញ្ចូនត្រីនឹងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះ។ពួកត្រី ក្តាមខ្ចងដឹងថាចចកជញ្ចូនអស់ហើយនាំគ្នាមុជក្នុងទឹកជ្រៅបាត់អស់។ ឯចចកដឹងថាកំពឹសបពោ្ឆតដូចេ្នះខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លា គ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងអស់បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីង នឹងចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់។ចចកបានឲ្យពស់ថ្លាន់ធើ្វទំនប់ទឹក។ អស់សត្វឯទៀតក៏បបួលគ្នាបាចសត្វក្នុងបឹងដឹងថា ចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថា«ខ្ញុំលឺគេនិយាយថា បងសុភាទន្សាយជាអ្នកមានប្រាជ្ញា​ចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់។ បើដូចេ្នះខ្ញុំនិងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខអស់យើង»។

ពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយ។ ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថៃ្ងកៀ្រមស្រកាអស់។ ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ននៀលដូច្នោះក៏សួរថា «បងត្រីក្រាញ់ទៅណា?»​ត្រីក្រាញ់ឃើញសុភាទន្សាយហើយ មានចិត្តត្រេកអរណាស់និយាយអង្វរថា«បងសុភាទន្សាយអាណិតដ្បិតត្រីទាំងអស់ក្នុងបឹង គេប្រើឲ្យខ្ញុំអញ្ជើញបងសុភាទៅដ្បិតលឺទាំងមនុស្សនិយាយថា បងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេបើអ្នក ឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខាន។ ឥឡូវមាន ដំរី ក្របី គោ រមាស រមាំង ជ្រូក ពស់ធំ ពស់តូច ទាំងសត្វហើរគឺ កុក ក្រៀល ចង្ក្រៀលខ្យង ទុង ទោមកែ្អកទឹកប្រវឹកស្មោញទាំងប៉ុន្មាន បានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រីអណ្តើកកន្ធាយ ស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះ។គេឲ្យពស់ថ្លាន់ពស់តូច ធ្វើជាទំនប់ទប់បឹងនេះឯង។ បើដូចេ្នះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់ បងប្អូនឲ្យបានរួចពីភ័យម្តងនេះនិងបានល្បីកេរ្តិ៏ឈ្មោះតទៅ។ អស់យើងនឹងតបគុណបងសុភាទន្សាយឯង យើងមិនភេ្លចគុណដ៏រាបអស់ជីវិត»។ ឯទន្សាយលឺត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថា »បងត្រីក្រាញ់ទៅមុនចុះ ទៅប្រាប់បងប្អូនកុំឲ្យភ័យភិតចាំជួយដោះឲ្យរួចកុំបារម្ភឡើយ»។ ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ។ ឯទន្សាយលុះព្រឹកព្រហ៊ាមឡើងទៅមាត់បឹងទៅឃើញអស់សត្វកំពុងតែបាចទឹក ក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រហើយស្រែកហៅ​អស់សត្វទាំងនោះថា«នែ!បងប្អូនទាំងអស់គ្នាចាំស្តាប់ខ្ញុំ។ ដ្បិតព្រហ្មឥន្រ្ទឲ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នាថា ព្រះឥន្រ្ទលោកនិងមកកាច់ជើងត្រុំ ប្រមុំ ជើងអក កាច់ក្បាលចចក ដកភ្លុកដំរីស» អស់សត្វលឺថា សំបុត្រព្រះឥន្រ្ទដូច្នោះ ភ័យណាស់ផ្អើលជាន់លើគ្នាដំរីក្របីរមាសរមាំង ស្ទុះបោលទៅជាន់លើពស់ថ្លាន់ជាទំនប់ដាច់ខ្លួនជាពីរបីកំណាត់ ធ្លាយទំនប់លិចទឹកស្លាប់អស់។ សត្វទាំងនោះក៏ជាចំណីត្រីវិញ។ តាំងអំពីថៃ្ងនោះមក អស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយសុភាទន្សាយជាគ្រូបាអាចារ្យ ជាគ្រូបាអាចារ្យទាំងអស់គ្នា។